ភ្នំពេញ ៖ មានតូបលក់នំCAKE មួយកន្លែងជាប់ស្តុបថ្នល់បត់ តាមផ្លូវ២១៧ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះស្ទេីតែទាំងស្រុង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរខណ្ឌដង្កោ ចុះអន្តរាគមន៍កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ។
តាមប្រភពព័ត៌មានពីអ្នកជិតខាងក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឮសំឡេងផ្ទុះចេញពីខាងក្នុងតូបលក់នំCAKE ខាងលេី រួចក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យជួយអន្តរាគមន៍ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ហេីយទីតាំងខាងលេីក៏មិនឆ្ងាយពីកន្លែងផងនោះ អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចុះមកដល់ហេីយធ្វេីការបាញ់ពន្លត់អស់ទឹកចំនួនមួយឡានក៏រលត់ទៅវិញជាស្ថាពរ ដោយប្រេីពេលពន្លត់ប្រហែល២០នាទីប៉ុណ្ណោះ ហេីយក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស និងរាលដាលដល់ផ្ទះអ្នកជិតខាងផងដែរ ។
បេីតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់តូបលក់នំCAKE ខាងលេីសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា រាល់ថ្ងៃគាត់លក់នំCAKE និងសម្ភារៈធ្វេីខួបកំណេីត ហេីយរាល់ពេលព្រលប់មុនអាជ្ញាធរដាក់បម្រាមគោចរ គាត់ក៏បានដោតខ្សែភ្លេីងដេីម្បីក្លាសេនំកុំឲ្យខូចរួចបិទទ្វារត្រឡប់ទៅផ្ទះសម្រាក ស្រាប់តែនៅថ្ងៃកេីតហេតុក៏កេីតមានអគ្គិភ័យឆាបឆេះតូបរបស់គាត់បែបនេះ ។
ក្នុងករណីនេះ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងដែរថា មូលហេតុនៃការឆាបឆេះនេះគឺបណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី ៕
ដោយ ៖ ភារ៉ា ដង្កោ