ព័ត៌មានទាន់ហេតុការណ៍៖

ព្រះចៅអធិការវត្តសិរីសួស្ដីដែលមានជំនឿតែលើជំនឿព្រហ្មញ្ញសាសនានិងមិនគិតកសាងវត្ត ត្រូវពុទ្ធបរិស័ទបណ្តេញចេញពីវត្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីផ្ទុះអធិករណ៍ជាង៥ឆ្នាំមកហើយនោះព្រះចៅអធិការព្រះនាម ប៊ូ ច័ន្ទមុន្នី ហៅ ណេង គង់នៅវត្តសិរីសួស្ដីស្ថិតនៅក្នុងភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៌  បាននិមន្តចេញពីវត្តសិរីសួស្ដីហើយកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ដោយពុទ្ធបរិស័ទបណ្តេញចេញ។

ពេញ១ថ្ងៃនេះប្រជាពលរដ្ឋជាពុទ្ធ បរិស័ទចំណុះជើងវត្តជាង២០០នាក់បាននាំ គ្នាធ្វើការតវ៉ាចាប់ពីព្រឹកដល់ល្ងាចបណ្ដេញ លោកចេញពីវត្ត ដោយមានផ្ទុះអំពើហិង្សាផងដែរ រហូតមានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក ខេត្ត  ជាង ២០ នាក់មកជួយអន្តរាគមន៍ទប់ស្កាត់អំពើហិង្សានេះដែរ ទើបសកម្មភាពនេះបានស្ងប់ទៅវិញ ។

ប្រជាពលរដ្ឋម្នាក់បាននិយាយថាថ្ងៃនេះពួកគាត់មានគ្នាចំនួន ២៦០គ្រួសារ បាននាំគ្នាមកដេកដាំបាយហូបធ្វើការតវ៉ាក្នុងវត្តដើម្បី បណ្ដេញចៅអធិការវត្តនេះចេញពីវត្ត ឱ្យបានសម្រេចព្រោះថា រយៈ ពេល ៥ឆ្នាំកន្លងមកនេះ ព្រះចៅ អធិការអង្គនេះមិនបានកសាងសមិទ្ធផលអ្វីក្នុងវត្តឡើយក្រៅតែពីទិញគល់ចំបក់ធំមួយដើមអស់បច្ច័យរាប់លានរៀលមកគោរពបូជាតាមបែបព្រហ្មញ្ញសាសនាប្រើមន្តអាគមអូមអាម ស្រោចទឹកព្យាបាលអ្នក ជំងឺយកបច្ច័យទុកផ្ទាល់ខ្លួនប៉ណ្ណោះ។ មិនតែប៉ុណ្ណោះអាងអំណាចជាគ្រូចៅអធិការ ពេលពុទ្ធបរិស័ទនិមន្តទៅធ្វើបុណ្យឬសូត្រមន្តនៅទីណាក៏មិននិមន្តទៅដែរ។ 

លោកតាម្នាក់និយាយថា មិនតែប៉ុណ្ណោះពេលសប្បុរសជនជាពុទ្ធបរិស័ទមានបំណងមកកសាងសមិទ្ធផលនានាក្នុងវត្តបើមិនឆ្លងកាត់លោកដោយផ្ទាល់ទេនោះលោកមិនអនុញ្ញាតឱ្យកសាងអ្វីឡើយ ។ជាក់ស្តែងសាលាឆាន់មួយខ្នងកំពុងកសាងមានតម្លៃរាប់ម៉ឺនដុល្លារ តែលោកចៅអធិការរូបនេះមិនអនុញ្ញាតឱ្យក្រុមជាងប្រើប្រាស់ភ្លើងអគ្គិសនីផ្សារដែកដំបូលនោះឡើយ តែប្រជាពលរដ្ឋកន្លងមកចេះតែជម្នះធ្វើទាំងស្មុគស្មាញទៅ ។

ករណីមួយទៀត ពេលភ្លើងព្រៃឆេះជញ្រ្ជាំងជិតដល់ផ្ទះប្រជាពលរដ្ឋពួក គាត់បានស្នើសុំនគរបាលពន្លត់អគ្គិភ័យមកបូមទឹកយកទៅពន្លត់ភ្លើងព្រៃគឺ លោកគ្រូចៅ អធិការអង្គនេះមិនអនុញ្ញាតឲ្យនគរបាលអគ្គិភ័យបូមទឹកអណ្ដូងក្នុងវត្តយកទៅពន្លត់ ភ្លើងព្រៃនោះឡើយ ។ ដោយទ្រាំទ្រនឹងការលំបាកជាង ៥ ឆ្នាំកន្លងមកនេះគ្មានលោក ធ្វើបុណ្យមិនបាន នៅថ្ងៃទី៨ ខែសីហា មុននេះ ពួកគាត់ចំនួន ២០៦ នាក់ បានមកធ្វើការតវ៉ាសំណូមពរឲ្យលោកចៅអធិការចេញពីវត្តតាមសម្រួលម្ដងរួចមកហើយ តែព្រះគ្រូចៅអធិការអង្គនេះ បានបដិសេធមិនព្រមចេញពីវត្តជាដាច់ខាត គឺព្រះអង្គសុខចិត្តស្លាប់ក៏មិននិមន្តចេញដែរ ។

ចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋទាំងអស់នេះ ព្រះចៅអធិការបានបដិសេធទាំងអស់ចំពោះមុខក្រុមអ្នកសារព័ត៌មាន ថាជារឿងមិនពិត។

ចំពោះការផ្ទុះអំពើហិង្សាទៅវិញទៅ មក រវាងព្រះចៅអធិការវត្តនិងប្រជាពលរដ្ឋ នៅថ្ងៃទី១៦សីហា យ៉ាងណាប្រជាពលរដ្ឋបានលើកគ្នាទៅនិមន្តលោកឲ្យចេញពីកុដិដើម្បីជជែកគ្នាតាមសម្រួល តែលោកមិនព្រមចេញ ធ្វើឲ្យពេលនោះកើតមានអំពើហិង្សាផ្ទុះឡើងទៅវិញទៅមកដោយ លោកបានចោទប្រជាពលរដ្ឋថាបានវាយបង្អួចកញ្ចក់កុដិអស់បួនបង្អួច ។តែប្រជាពលរដ្ឋបានឆ្លើយថាគឺលោកវិញទេជាអ្នកបុកបំបែកកញ្ចក់បង្អួចពីខាងក្នុងកុដិទម្លាក់មកក្រៅអស់បីវង់ ហើយចោទប្រជាពលរដ្ឋថាជាអ្នកវាយបំបែកទៅវិញ ។ ក្នុងពេលផ្ទុះអំពើហិង្សានោះដែរលោកក៏បានកាន់ដាវមួយដើមនិងកាំបិតមួយដើម គំរាមមកលើប្រជាពលរដ្ឋមិនឲ្យចូលផងដែរ ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីផ្ទុះអំពើហិង្សាខាងលើនេះនៅល្ងាចថ្ងៃដដែលអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីធម្មការស្រុក និងខេត្ត ក៏បានចុះមកសម្របសម្រួល និមន្តលោកចេញពីវត្តសិរីសួស្ដីនេះ ទៅគង់នៅវត្តព្រះឥន្ទ្រទេព ស្ថិតនៅក្នុងឃុំផ្សារ ស្រុកបរិបូណ៌ ដែលជា វត្តលោកមេគណស្រុកបរិបូណ៌គង់ នៅ ជាបណ្ដោះអាសន្នសិន ដើម្បីបញ្ចៀសអំពើហិង្សា ។

នៅក្នុងការនិមន្តចេញពីវត្តសិរីសួស្ដីនេះក្រុមការងារចម្រុះ ក៏បានធ្វើកិច្ច សន្យារួមគ្នាមួយ រវាងព្រះចៅអធិការវត្ត អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ ដោយបានកំណត់ឱ្យ ព្រះសង្ឃក្នុងវត្តទាំងអស់នៅក្នុងវត្តត្រូវនិមន្តចេញដោយយកត្រារបស់វត្តទៅជាមួយផង បើមិននិមន្តចេញទេ ត្រូវទទួលខុសត្រូវលើសុវត្ថិភាពដោយអង្គឯង អាជ្ញាធរមិនទទួលខុសត្រូវឡើយ ។

ដោយឡែកប្រជាពលរដ្ឋចំនួន ២០នាក់ មានអាជ្ញាធរភូមិឃុំ និងមន្ត្រីនគរបាលមូលដ្ឋាន ត្រូវការពារកុដិលោក រក្សាគរុភ័ណ្ឌរបស់វត្ត និងរបស់សង្ឃមិនឱ្យបាត់បង់ឡើយ។ដោយត្រូវចាក់សោពីរជាន់រួមគ្នា គឺសោរបស់ព្រះសង្ឃមួយ និងសោរបស់ប្រជាពលរដ្ឋមួយនិងមានបិទក្រដាសវាយត្រារបស់មេឃុំនៅលើទ្វារផងដែរ ។

នៅរៀងរាល់៦ថ្ងៃម្តង (ថ្ងៃសីល) លោកមានសិទ្ធិចូល ក្នុងកុដិសូត្រធម៌តាមប្រពៃណីកាន់ព្រះវស្សា រហូតមានការដោះ ស្រាយចប់សព្វគ្រប់ ពីគណៈសង្ឃខេត្តទើបចូលបាន ។

ជាមួយនេះដែរប្រជាពលរដ្ឋជាពុទ្ធបរិស័ទគ្មានសិទ្ធិមកធ្វើបុណ្យទានក្នុងវត្តនេះទេ នៅពេលមិនទាន់ដោះស្រាយអធិករណ៍នេះចប់ជាស្ថាពរ ដែលទទួលស្គាល់ជាផ្លូវការតាមច្បាប់៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖