ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុនសែន បានជួយឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនដុល្លារដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយប្រទេសជាមិត្តនៅក្នុងតំបន់អាស៊ាន។

នៅថ្ងៃទី​ ១៧​ ខែសីហា​ ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា​ កាកបាទក្រហមកម្ពុជា ដែលមាន​ ហ្លួងម៉ែ​ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីថ្ងៃទី​ ៩​  ខែកក្កដា ឆ្នាំ២០២១កន្លងទៅ​ បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់​ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសនេប៉ាល់។​ 

ដោយឡែក​ កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមវៀតណាម​ តាមរយៈ ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដេីម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមផងដែរ។ 

តាមរយៈសកម្មភាពទាំងនេះ គឺបានស្តែងឱ្យឃើញនូវសមានចិត្ត និងទឹកចិត្តប្រកបដោយមេត្តាធម៌របស់សមាគមជាតិកាកបាទក្រហមកម្ពុជា ជាមួយមនុស្សជាតិទាំងអស់នៅលើពិភពលោក ដើម្បីរំលែកការលំបាកទាំងឡាយ។

សូមជម្រាបជូនផងដែរថា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីម្សិលមិញ សម្ដេចបានចំណាយថវិកាទិញផ្លែមៀនចំនួន ២១គីឡូក្រាម ដើម្បីយកមកចែកជូនក្រុមគ្រូពេទ្យ និងអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩ ។

មិនតែប៉ុណ្ណោះសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏បានប្រមូលទិញផ្លែឈើ (មៀន) ពីប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា- ថៃ ខណៈប្រជាពលរដ្ឋរកទីផ្សារទៅប្រទេសចិននិងប្រទេសថៃមិនទាន់បាន ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងវាយលុក។ 

ប្រជាពលរដ្ឋបានសម្ដែង នូវការត្រេកអរយ៉ាងពន់ពេក ចំពោះទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាវិបត្តិទីផ្សារនេះ៕

ដោយ ៖ សិលា


ចែករំលែក៖