ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តបាត់ដំបង កំពុងត្រៀមប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ពីប្រជាកសិករ នៅទីលានបាល់ទាត់វាលបែកចានក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងាររបស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង បានត្រៀមជាស្រេចរង់ចាំទទួលទិញផ្លែមៀន (តាង៉ែន) ពីប្រជាកសិករ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្រុមការងារប្រមូលទិញបានយករថយន្តរបស់កងយោធពលខេមរភូមិន្ទមកតម្រៀបជាច្រើនគ្រឿង ដើម្បីធ្វើការដឹកជញ្ជូនទៅកាន់គោលដៅសម្រាប់ចែកជូនបន្តទៀត ។

តាមរយៈនៃការចុះប្រមូលទិញផលិតផលផ្លែមៀន(តាង៉ែន) នាពេលនេះ គឺធ្វើឡើងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ កំពុងមានការឆ្លងរាលដាលទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស បានធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំមៀនប៉ៃលិន(តាង៉ែន)របស់ប្រជាកសិករជួបបញ្ហាខ្វះទីផ្សារ ។ 

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ កាលពីថ្ងៃទី១៧ខែសីហាឆ្នាំ២០២១ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនបានប្រកាស ទទួលទិញផ្លែមៀនប៉ៃលិនពីប្រជាកសិករ ដើម្បីយកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានក្រុមការងាររបស់សម្តេច ដឹកនាំដោយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដើម្បីទទួលទិញពីប្រជាកសិករ ៕

ដោយ៖ សូរិយា


ចែករំលែក៖