ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបានបើករថយន្តហ្វដរ៉េនជើរមួយគ្រឿងជ្រុលទៅបុកគូទរថយន្តព្រូសមួយគ្រឿង ហើយរុញទៅបុកគូទរថយន្តហាយឡេនឌ័រមួយគ្រឿងទៀតជាបន្តបន្ទាប់គ្នាបណ្ដាលឲ្យរងការខូចខាតខ្លះធ្ងន់ខ្លះស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី១៨ ខែសីហាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវលេខ២២៣ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហ្វដរ៉េនជើរមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-2191ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើត។ លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកគូទរថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2BF-3241បើកបរដោយនារីរូបស្រស់ម្នាក់ក្នុងទិសដៅស្របគ្នា រួចរុញទៅបុករថយន្តហាយឡេនឌ័រមួយគ្រឿងទៀតពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AR-6931បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បន្ទាប់មកគេឃើញខាងភាគីរថយន្តហាយឡេនឌ័របើកចេញយ៉ាងប្រញាប់ប្រញាល់ចេញពីកន្លែងកើតហេតុដោយមិនដឹងថាខាងភាគីបង្កសងសំណងប៉ុន្មានទេ។ នៅតែរថយន្តបង្កនិងរថយន្តព្រូសសមត្ថកិច្ចបានឲ្យធ្វើការសម្របសម្រួលគ្នាបន្តទៀតអស់រយៈពេលជិតមួយម៉ោងទើបត្រូវគ្នា ដោយខាងភាគីបង្កបានចេញសំណងទៅឲ្យភាគីរថយន្តព្រូសចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖សុខាសែនជ័យ