ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះស្តុកគ្រឿងអគ្គិសនី នៅតាមបណ្ដោយផ្លូវលេខ៤០៤ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។
យោងតាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឱ្យដឹងថា មុនពេលកេីត
ហេតុ ទីតាំងផ្ទះល្វែងដែលជាកន្លែងស្តុកគ្រឿងអគ្គិសនីនៅជាន់ទី២ខាងលេីនេះ នៅពេលកេីតហេតុគេមិនដឹងថាមានអ្វីកើតឡើងនោះទេ ស្រាប់តែឃេីញមានហុយផ្សែងខ្មៅចេញពីជាន់ទី២លាយឡំជាមួយនិឹងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋស្រែកឆោឡោថា មានភ្លើងឆេះផ្ទះ ហើយភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់ តែមិនអាចគ្រប់គ្រងអណ្ដាតភ្លើងបាន ទេីបបាននាំគ្នារាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដេីម្បីសុំជំនួយរថយន្ដពន្លត់អគ្គិភ័យចេញមកជួយធ្វើអន្តរាគមន៍។
ជាមួយគ្នានោះ មន្រ្តីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្នុងហេតុការណ៍នេះដែរ គឺកម្លាំងអន្តរាគមន៍មានពិបាកបន្តិចក្នុងការជួយបាញ់ទឹកពន្លត់ដោយសារតែក្នុងផ្ទះមានស្តុកគ្រឿងអគ្គិសនីច្រេីនពេក ។
ក្នុងហេតុការណ៍នេះមានបុរសម្នាក់បានរលាកខ្លួនបន្តិចបន្តួចក្នុងការចូលទៅយកសម្ភារ ក្រៅពីនេះមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ហើយអគ្គិភ័យនេះមិនរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋជិតខាងនោះទេ ។ ចំពោះមូលហេតុ នៃការឆាបឆេះផ្ទះស្តុកគ្រឿងអគ្គិសនីខាងលេីនេះវិញ សមត្ថកិច្ច សង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕
ដោយ ៖ ភារ៉ា ដង្កោ