ព័ត៌មានទាន់ហេតុការណ៍៖

អាហ្វហ្គានីស្ថានស្នើប៉ូលិសអាំងទែរប៉ូលចាប់ខ្លួនអតីតប្រធានាធិបតី Ashraf Ghani

ចែករំលែក៖

ជាមួយនឹងការចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិជាតិ ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅ Tajikistan បានស្នើដល់កម្លាំងប៉ូលិសអន្តរជាតិ Interpol ចាប់ខ្លួនអតីតប្រធានាធិបតី Ashraf Ghani ព្រមទាំងអតីតទីប្រឹក្សាសន្តិសុខជាតិ Hamdullah Mohib និងអតីតប្រធានការិយាល័យប្រធានាធិបតី Fazl Mahmood Fazli ។
កាលពីថ្ងៃទី១៦ខែសីហាប្រភពព័ត៌មានពីស្ថានទូតរុស្ស៊ីប្រចាំនៅរដ្ឋធានីកាប៊ុលបានបញ្ជាក់ថា អតីតប្រធានាធិបតី Ghani បានចាកចេញពីអាហ្វហ្គានីស្ថានដោយនាំយកទៅជាមួយនូវប្រាក់សុទ្ធពេញឧទ្ធម្ភាគចក្រ មុនពេលក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានី ។ ដោយដឹកមិនអស់មានប្រាក់ជាច្រើនសល់នៅអាកាសយានដ្ឋាន ។
ចំណែកអតីតប្រធានាធិបតី Ghani បានលើកឡើងថា «ខ្ញុំកំពុងរស់នៅក្នុងទឹកដីអារ៉ាប់រួម ហើយនឹងវិលត្រឡប់ទៅកាន់ប្រទេសវិញក្នុងពេលឆាប់ៗ»។ លោកបន្តទៀតថា «ខ្ញុំបង្ខំចិត្តចាកចេញពីរដ្ឋធានីកាប៊ុលដោយមិនចង់បង្ហូរឈាម។ ប៉ុន្តែមានមន្ត្រីជាច្រើនបានចោទប្រកាន់លោកថាជាជន «ក្បត់»ដោយរត់យករួចខ្លួន ហើយ នាំយកទ្រព្យសម្បត្តិជាតិទៅជាច្រើនទៀតផង។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថាយកប្រាក់ជាត់ិ អតីតប្រធានាធិបតីបានលើកឡើងថា « ខ្ញុំរងការចោទប្រកាន់ថាបាននាំប្រាក់ទៅជាមួយជាច្រើន ការណ៍ពិតខ្ញុំចាកចេញពីប្រទេសដោយមានតែខោអាវជាប់ខ្លួន និងសៀវភៅប៉ុន្មានក្បាលប៉ុណ្ណោះ ។
មានមន្ត្រីអាហ្វហ្គានីស្ថានជាច្រើនរូបបានប្រកាសថា អតីតប្រធានាធិបតីគួរតែត្រូវបានយកមកកាត់ទោសតាមផ្លូវច្បាប់នៅចំពោះមុខពលរដ្ឋអាហ្វហ្គានីស្ថាន ដោយសារតែបានគេចខ្លួនរត់ចោលប្រទេសជាតិនិងប្រជាពលរដ្ឋដែលគាំទ្រលោក៕

ដោយ៖ធីរីណា(រូបភាព៖EPA-EFE / Shawn Thew)


ចែករំលែក៖