ថ្លែងនៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ២៣ ខែសីហា (ពេលវេលានៅអាមេរិក) នាយកប្រតិបត្តិអង្គការ យូនីសេហ្វ លោកស្រី Henrietta Fore បាននិយាយថាក្នុងរយៈពេល១០នាទីគឺមានកុមារម្នាក់ស្លាប់នៅប្រទេសយេម៉ែន។
លោកស្រី Henrietta Fore បានលើកឡើងថា បច្ចុប្បន្ននៅក្នុងប្រទេសយេម៉ែន មានពលរដ្ឋរស់នៅជិត២១លាននាក់ ក្នុងនោះមានកុមារ ១១,៣លាននាក់ត្រូវការជំនួយមនុស្សធម៌ដើម្បីរស់រានមានជីវិត។ លោកស្រី Henrietta Fore បានបញ្ជាក់ទៀតថា «មានកុមារ ២,៣លាននាក់កង្វះអាហារូបត្ថម្ភ ក្នុងនោះមាន កុមារ៤សែននាក់ក្រោមអាយុ៥ឆ្នាំ ប្រឈមកង្វះអាហារូបត្ថម្ភយ៉ាងខ្លាំង និងប្រឈមនឹងការស្លាប់គ្រប់ពេល»។
តំណាងអង្គការ UNICEF បានលើកឡើងថា មានកុមារប្រមាណជាង១០លាននាក់និងស្ត្រីជាង ៥លាននាក់នៅក្នុងប្រទេសនេះមិនទទួលបានការថែទាំសុខាភិបាលពេញលេញឡើយ។ លោកស្រី Henrietta Fore បានលើកឡើងទៀតថា «នៅយេម៉ែនរាល់រយៈពេល១០នាទី គឺមានកុមារម្នាក់ស្លាប់ ហើយមូលហេតុដែលយើងមិនអាចបញ្ចៀសការស្លាប់បាន គឺក្នុងនោះមានកង្វះអាហារូបត្ថម្ភ និងជំងឺអាចចាក់បង្ការបានដោយវ៉ាក់សាំង។
លោកស្រី Henrietta Fore បានបង្ហោះលើបណ្តាញសង្គម Twitter ថា «ក្រោយរយៈពេល៦ឆ្នាំនៃការផ្ទុះសង្គ្រាមស៊ីវិលនៅក្នុងប្រទេសយេម៉ែន ហើយភាគីទាំងសងខាងដែលធ្វើសង្គ្រាម គួរតែយកចិត្តទុកដាក់ដល់កុមារ។ ខ្ញុំបានស្នើដល់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យមានសកម្មភាពការពារដល់កុមារនៅយេម៉ែនផង»៕ដោយ៖ធីរីណា
រូបថត៖congly.vn.