ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀន២នាក់ដែលប្រើអាវុធបាញ់តដៃជាមួយសមត្ថកិច្ចដកហូតគ្រឿងញៀនជាង ២៨គីឡូក្រាម ទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជូនខ្លួន ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែល ប្រដាប់ដោយអាវុធខ្លីបាញ់តដៃជាមួយសមត្ថកិច្ច ចំនួន ០២នាក់ ជនជាតិថៃ ០១នាក់ ក្នុងនោះរឹបអូសវត្ថុតាងគ្រឿងញៀន ជាង ២៨គីឡូក្រាម មកកាន់តុលាការ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស៊ើបសួរបន្ត។

គូររំលឹកថា សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង១៣ និង៥០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៧) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត និងស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀន ២គោលដៅផ្សេងគ្នា ។

ក្នុងនោះគោលដៅ ទី១- នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងគោលដៅ ទី២- នៅចំណុចផ្ទះលេខ៣២ ផ្លូវC ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពបន្តទៀតថា ក្នុងអំឡុងពេលប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននោះ ជនល្មើសបានធ្វើការតដៃដោយបាញ់មកលើកម្លាំងសមត្ថកិច្ច ដែលធ្វើអោយសមត្ថកិច្ចត្រូវបាញ់តបត ដើម្បីការពារខ្លួនវិញ និងបានធ្វើអោយជនល្មើសទម្លាក់អាវុធប្រគល់ខ្លួនអោយសមត្ថកិច្ច។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាប់នេះ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ៖ ១-ឈ្មោះ គីម តាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ, ២-ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ថៃ ចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទ ម៉េតំហ្វេតាមីន (ICE) ចំនួន ២៤កញ្ចប់ធំ ទម្ងន់ប្រមាណជាង ២៤គីឡូក្រាម, ប្រភេទអ៊ិចស្តាស៊ី (MDMA) ១៤កញ្ចប់ ទម្ងន់ប្រមាណ ៤គីឡូក្រាម , រថយន្ត ៤គ្រឿង, ទូរសព្ទ័ ដៃ ៦គ្រឿង, អាវុធខ្លី ម៉ាក រ៉ូឡូ ១ដើម សំបកគ្រាប់ ៣គ្រាប់ និងគ្រាប់មិន ទាន់បាញ់ ៣គ្រាប់ ។

បច្ចប្បន្ន ជនសង្ស័យទាំង២នាក់កំពុងស្ថិតក្នុងដំណាក់កាល តំណាងអយ្យាការ លោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖