ព័ត៌មានទាន់ហេតុការណ៍៖

ឃ្លានចូលម្ល៉េះខារ៉ាអូខេហ្នឹង ! កម្លាំងនគរបាលក្រុងកំពត ឃាត់ខ្លួនមនុស្ស១៧នាក់ ក្នុងករណី ជួបជុំផឹកស៊ី និងច្រៀងខារ៉ាអូខេ(ហាន់នី) ល្មើសនឹងបំរាមវិធានការរដ្ឋបាល !

ចែករំលែក៖

ខេត្តកំពត៖ កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពត បានចុះបង្ក្រាបករណីល្មើសនឹងបំរាមវិធានការរបស់រដ្ឋបាលខេត្តកំពត និងក្រសួងសុខាភិបាល ប្រព្រឹត្តនៅខារ៉ាអូខេ និងភោជនីយដ្ឋាន (ហាន់នី) ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយបានឃាត់ខ្លួនឈ្មោះ ពៅ ធូ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកគ្រប់គ្រង ដែលបានបើកអោយដំណើរការជួបជុំផឹកស៊ី និងច្រៀងខារ៉ាអូខេ ចំនួន២បន្ទប់។
បើតាមការបញ្ជាក់របស់សមត្ថកិច្ច កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន១៧នាក់ (ស្រី ៥នាក់) ក្នុងនោះមានអ្នកគ្រប់គ្រងម្នាក់ សន្តិសុខម្នាក់ នារីអ្នកបំរើខារ៉ាអូខេ៥នាក់ និងភ្ញៀវ១០នាក់ ។
បច្ចុប្បន្ន កម្លាំងជំនាញបាននឹងកំពុងធ្វើការសាកសួរមនុស្សទាំង១៧នាក់ខាងលើនេះ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។
សូមជម្រាបជូនថា, រដ្ឋបាលខេត្តកំពត ក៏ដូចជាក្រសួងសុខាភិបាល បានធ្វើការណែនាំ និងមានបម្រាមវិធានការរដ្ឋបាល បិទការជួបជុំផឹកស៊ី គ្រឿងស្រវឹង ប្រមូលផ្ដុំគ្នា ជួបជុំដែលមានមនុស្សច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ប៉ុន្តែនៅមានបុគ្គលមួយចំនួន គឃ្លើននឹងច្បាប់ ស្រេកឃ្លានផឹកស៊ី ប្រមូលផ្ដុំគ្នា មិនព្រមស្ដាប់ចំពោះការណែនាំរបស់អាជ្ញាធររដ្ឋ និងសមត្ថកិច្ចក៏ដូចជាវិធានសុខាភិបាលសោះឡើយ។ ដូច្នេះដើម្បីអនុវត្តវិធានការច្បាប់ សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ ស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមជនទាំងអស់នេះទៅសាលាដំបូងអនុវត្តតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖