ភ្នំពេញ៖ កូនស្រីបង្កើតរបស់អតីតតារាសម្តែងល្បីឈ្មោះលោកស្រី កែវ កល្យាណ គឺកញ្ញា កែវ ឡាវីញ កំពុងតែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងឈុតឆាកសម្តែងក្នុងខ្សែភាពយន្តភាគថ្មីមួយរបស់ផលិតកម្មសាស្ត្រាហ្វីម គឺរឿង ”សង្សារខ្ញុំ” រដូវកាល២។ក្នុងខ្សែភាពយន្តនេះនាងសម្តែងជាតួឯកស្រីរួមគ្នាជាមួយកញ្ញា យ៉ា សុផាន់ម៉ៃ ដែលជាភាពយន្តឆ្លុះបញ្ចាំងពីតថភាពមួយជ្រុងនៃចំណងស្នេហាភេទដូចគ្នារវាងស្រីនឹងស្រី។
ស្ថិតក្នុងវ័យ២១ឆ្នាំ កែវ ឡាវីញ ជាកូនស្រីច្បងរបស់កំពូលតារាសម្ដែង កែវ កល្យាណ នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកDesign នាសាកលវិទ្យាល័យស៊ីតិច។ កន្លងទៅឡាវិញ អាចក្តោបបានតំណែងសំខាន់មួយចំនួនទាំងការងាជាពិធីការិនី និងក្នុងវិស័យភាពយន្ត ស្របតាមការបើកផ្លូវលើកទឹកចិត្តពីម្តាយរបស់នាងផ្ទាល់ផងដែរ។ ។ក្រៅពីមាននិស្ស័យសិល្បៈ ឡាវីញក៏អាចនិយាយភាសាចិន, អង់គ្លេស និងថៃបានផងដែរ ប៉ុន្តែភាសាចិននាងស្ទាត់ជំនាញជាងភាសាផ្សេងទៀត។ ការចាប់អារម្មណ៍នេះក្រោយពីអ្នកគាំទ្រនិយមទស្សនាខ្សែភាពយន្តភាគនៅតាមApp របស់ផលិតកម្មសាស្ត្រាបានបញ្ចេញយោបល់ជាច្រើនជុំវិញការសម្តែងដ៏ស័ក្តិសមរបស់ពិធីការិនីរូបនេះ។ ស្នាដៃថ្មីនេះគឺជាខ្សែភាពយន្តស្នេហាភេទដូចគ្នាបន្ទាប់ពីខ្សែភាពយន្តរឿង”មេឃខៀវ” ដែលជាខ្សែភាពយន្តនិយាយពីស្នេហាបុរសនិេឹងបុរសទើបនឹងផ្ទុះការគាំទ្រខ្លាំងផងដែរនោះ។ ជាស្នាដៃសម្តែងបែបថ្មីរបស់កញ្ញា កែវ ឡាវីញ ដែលទទួលបានការពេញចិត្តច្រើនពីអ្នកគាំទ្រ ហើយនាងពិតជាសម្តែងបានយ៉ាងស័ក្តិសម។
កន្លងទៅនាងក៏ធ្លាប់ទទួលបានការសរសើរខ្លាំងលើរូបសម្រស់ថា ពិតជាស្រស់ស្អាត និងមានសមត្ថភាពទេពកោសល្យសម្តែងមិនមិនចាញ់ម្តាយនាងទេ គឺនាងទទួលបានបានឱកាសការងារសិល្បៈជាច្រើនបន្តបន្ទាប់។ នាងត្រូវបានក្រុមគ្រួសារ ពិសេសម្តាយរបស់នាងជួយលើកទឹកចិត្តនិងជ្រោមជ្រែង។ គួរបញ្ជាក់ដែរថា លោកស្រីកែវ កល្យាណបានដកខ្លួនពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំហើយក្រោយរៀបមង្គលការជាមួយអ្នកជំនួញមានមុខមាត់ម្នាក់ ឈ្មោះកែវ កុសល ប៉ុន្តែស្វាមីលោកស្រីបានបាត់បង់ជីវិតកាលពីប៉ុន្មានឆ្នាំមុននេះ។ អ្នកនាងមានកូនចំនួន២នាក់ ស្រីម្នាក់និងប្រុសម្នាក់ ។កូនស្រីឈ្មោះ កែវ ឡាវីញ អាយុ ២១ឆ្នាំ និងកូនប្រុសឈ្មោះ កែវ រ៉ាញូ អាយុ១៣ឆ្នាំ។ ចាប់តាំងពីកូនស្រីប្រឡូកក្នុងអាជីពសិល្បៈមកគេឃើញអ្នកនាង កែវ កល្យាណឧស្សាហ៍រួមដំណើរជាមួយកូនស្រីជាញឹកញាប់ផងដែរ៕
ដោយ ៖ វឌ្ឍនា