ខេត្តស្ទឹងត្រែង៖ យោងតាមប្រភពពី: ទូរទស្សន៍ជាតិកម្ពុជាប្រចាំខេត្តស្ទឹងត្រែង បានបញ្ជាក់អោយដឹងថា , បើតាមលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានប្រាប់ថារហូតមកទល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទDelta ត្រូវបានរកឃើញចំនួន១៨នាក់បន្ថែមទៀតក្នុងខេត្តស្ទឹងត្រែង ដែលនេះជាកម្រិតឆ្លងមួយដែលខេត្តស្ទឹងត្រែងត្រូវធ្វើការប្រកាសអាសន្នហើយ និងជាពេលវេលាមួយដែលរដ្ឋបាលគួរបន្តធ្វើការបិទខ្ទប់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត បន្ថែមថា ការឆ្លងជំងឺកូវីដ-១៩ប្រភេទdelta គឺដោយសារមានការឆ្លងនាំចូលពីបុរស២នាក់មកពីខេត្តបន្ទាយមានជ័យ និងបានរាលដាលចូលដល់ក្រុងស្ទឹងត្រែង ជាពិសេសមានការឆ្លងច្រើនស្ទើរតែគ្រប់សង្កាត់ទាំងអស់ក្នុងក្រុងស្ទឹងត្រែង ។
លោកបានជំរុញដល់ប្រជាពលរដ្ឋសូមឲ្យបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តទៅតាមវិធានការសុខាភិបាល តាមរយៈការរក្សាគម្លាតគ្នា ប្រើម៉ាស់ជាប្រចាំ លាងដៃជាមួយអាល់កុលឲ្យបានញឹកញាប់ ចំណុចសំខាន់អនុវត្តឲ្យបាននូវវិធានការ ៣កុំ ៣ការពារ ដែលជាអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ផងដែរថាគិតត្រឹមវេលាម៉ោង២:៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១អ្នកវិជ្ជមានជំងឺកូវីដ១៩ប្រភេទDelta ក្នុងខេត្តស្ទឹងត្រែងបានកើនឡើងសរុបចំនួន៤៦នាក់ហើយ។
រដ្ឋបាលខេត្តបានលើកឡើងថា, សូមគោរពផ្ញើជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តារួមគ្នាអនុវត្តវិធានការដោយអត់ធ្មត់ និងហ្មត់ចត់ ដើម្បីដោះស្រាយបញ្ហាដ៏លំបាកនេះ ដើម្បីសុខភាព និងអាយុជីវិតប្រជាជនយើង🙏 ប្រជាពលរដ្ឋគ្រប់រូបមានភារកិច្ចចូលរួមប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩។ សូមអរគុណ🙏។
សូមបញ្ជាក់ថា, រដ្ឋបាលខេត្តស្ទឹងត្រែងសម្រេច បន្តបិទខ្ទប់ក្រុងស្ទឹងត្រែង រយៈពេល៧ថ្ងៃបន្តទៀត ដោយគិតចាប់ពីវេលាម៉ោង២៣:៥៩ យប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២១នេះ រហូតដល់វេលាម៉ោង ២៣:៥៩នាទីយប់ ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១ខាងមុខ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការីករាលដាលនែជំងឺកូវីដ-១៩បំប្លែងថ្មីDeltaក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង៕
ដោយ៖ សិលា