ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ព័ត៌មាន របស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ ធ្វើការឆ្លើយតបទៅនឹងទស្សនៈផ្ទាល់ខ្លួនរបស់អ្នករាយការណ៍ពិសេសមួយក្រុមតូច។ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា អះអាងថា ”ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល ពុំមែនជាអាជ្ញាប័ណ្ណសម្រាប់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។”
ទីក្រុងហ្សឺណែវ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១- ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ សូមបដិសេធចោលទាំងស្រុងនូវទស្សនៈផ្ទាល់ខ្លួនរបស់អ្នក រាយការណ៍ពិសេសមួយក្រុមតូច ដែលពុំបានផ្តល់ការយកចិត្តទុកដាក់ចំពោះសារៈសំខាន់នៃការ អនុវត្តច្បាប់ និងការប្រព្រឹត្តដោយភាពស្មើគ្នាចំពោះប្រជាពលរដ្ឋទាំងអស់ នៅក្នុងប្រទេសកម្ពុជា។
ដោយការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសខាងលើ បង្កឱ្យមានការភ័ន្តច្រឡំ និង ជ្រើសយកតែមួយជ្រុងហួសហេតុ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមជម្រាបជូននូវការពិត ដូច ខាងក្រោម៖
ទី១៖ ដូចសព្វមួយដងដែរ បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញ ប៉ុន្តែបម្រើការងារក្នុង សមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ បានតាំងខ្លួនឯង ជាចៅក្រម អារកាត់សេចក្ដីលើកិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ។ ការ ប្រព្រឹត្តខុសវិជ្ជាជីវៈបែបនេះ គឺជាការបំពានលើក្រមសីលធម៌ និងសៀវភៅណែនាំ ប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស ដែលឯកសារទាំងពីរនេះបានគូស បញ្ជាក់ពីសារៈសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ទី២៖ ការអះអាងថា ការកាត់ទោស លោក រ៉ុង ឈុន មិនមានភាពត្រឹមត្រូវ និង ពុំសមាមាត្រនោះ បង្ហាញថា ក្រុមអ្នកជំនាញទាំងនោះពុំបានយកចិត្តទុកដាក់លើអង្គ ហេតុនិងអង្គច្បាប់ឡើយ។ ដោយស្រមៃចង់បានជាប់ជានិច្ចនូវរូបភាពសេរីភាពបញ្ចេញ មតិជ្រុលហួស ក្រុមអ្នកជំនាញបានមើលស្រាលចំពោះផលវិបាកដ៏មហន្តរាយនិងមិន អាចវិលត្រឡប់ទៅរកសភាពដើមបាននៃព័ត៌មានក្លែងក្លាយ នៅពេលត្រូវបានសាយ ភាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការធ្វើអត្ថាធិប្បាយលើបញ្ហាព្រំដែនដោយប្រើ ប្រាស់ព័ត៌មានបំភ្លៃការពិតនិងបំផ្លើស ពុំមែនជាការអនុវត្តសេរីភាពនៃការបញ្ចេញមតិ នោះទេ។ បញ្ហាទឹកដីដែលមានលក្ខណៈរសើបនិងស្មុគស្មាញ ចាំបាច់ត្រូវតែដោះ ស្រាយ ដោយអ្នកជំនាញដែលមានការទទួលស្គាល់ ហើយក៏មិនត្រូវប្រើប្រាស់ជា ឧបករណ៍សម្រាប់ការកេងចំណេញផ្នែកនយោបាយឡើយ ព្រោះវាអាចដុតបញ្ឆេះឱ្យ មានការកើនឡើងនូវទស្សនៈជាតិនិយមជ្រុល ដោយសារបរិបទប្រវត្តិសាស្ត្រ។ មាន ព្រឹត្តិការណ៍មួយចំនួនបានកើតឡើងរួចមកហើយ ដែលបណ្ដាលមកពីការធ្វើអត្ថ ធិប្បាយក្នុងហេតុផលនយោបាយចំពោះបញ្ហាព្រំដែន រវាងប្រទេសកម្ពុជានិងប្រទេស ជិតខាង។
៣៖ ការស្ទង់មតិតាមអ៊ីនធឺណិតដែលធ្វើឡើងដោយអង្គការប្រឆាំងរដ្ឋាភិបាល ខុមហ្វែល នៅខែសីហា ឆ្នាំ២០២០ បានបង្ហាញថា អ្នកឆ្លើយតបជិត៨០% បានគាំទ ការចាប់ខ្លួនលោក រ៉ុង ឈុន ដែលលទ្ធផលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីបំណង ប្រាថ្នារបស់ប្រជាជនកម្ពុជាចង់បាននូវសន្តិភាពនិងស្ថិរភាពសង្គម ព្រមទាំងការគាំទ្រ ចំពោះចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលខាងលើ។
ទី៤៖ វាជាការខុសឆ្គងដ៏ធ្ងន់ធ្ងរដែលក្រុមអ្នកជំនាញ ថ្លែងថា “អ្នកការពារសិទ្ធិមនុស្ស មិនគួរត្រូវចាប់ខ្លួន ឬផ្តន្ទាទោស”។ ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល ពុំមែន ជាអាជ្ញាប័ណ្ណសំម្រាប់បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ការចោទប្រកាន់ចំពោះ បុគ្គលណាម្នាក់គឺផ្អែកលើបទល្មើសដែលបានប្រព្រឹត្តនិងមានចែងនៅក្នុងច្បាប់ ពុំមែន ផ្អែកលើថាតើពួកគេស្ថិតក្នុងក្រុមណាមួយនោះឡើយ។ រាល់ការចោទប្រកាន់ទាំងអស់ នៅក្នុងតុលាការគឺជាប់ពាក់ព័ន្ធទាំងស្រុងទៅនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និង ការបំពានទៅនឹងរដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញទទួលបាននូវការ ជំនុំជម្រះ រួមទាំងសិទ្ធិមានមេធាវី ដើម្បីបង្ហាញទឡីករណ៍និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ និងត្រូវបានធានាដោយ រដ្ឋធម្មនុញ្ញរបស់កម្ពុជា។
= ទី៥៖ ការទាមទាររបស់អ្នករាយការណ៍ពិសេសឱ្យលុបចោលបទប្បញ្ញត្តិមួយចំនួនន ក្រមព្រហ្មទណ្ឌរបស់កម្ពុជា គឺមានន័យស្មើនឹងការជំរុញឱ្យកម្ពុជាធ្លាក់ទៅក្នុងភាព អនាធិបតេយ្យ និងបំផ្លិចបំផ្លាញដល់នីតិរដ្ឋនៅក្នុងប្រទេស។ ការចាត់ទុកការអនុវត្ត ច្បាប់ថា ជាការគាបសង្កត់សេរីភាព គឺជាការប្រមាថចំពោះនីតិរដ្ឋនិងការអនុវត្តស្មើភាព គ្នាចំពោះប្រជាពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ វាជាករណីកិច្ច របស់មនុស្សគ្រប់រូប រួមទាំងបុគ្គលអះអាងខ្លួនឯងថាជាអ្នកការពារសិទ្ធិមនុស្ស ត្រូវ អនុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្ថិតក្នុងព្រំដែននៃច្បាប់។
ទី៦៖ វាជាការគួរឱ្យសោកស្តាយយ៉ាងខ្លាំងដែលអ្នករាយការណ៍ពិសេសទាំងនោះ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការ ប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ត្រូវភ្ជាប់ទៅនឹងករណីកិច្ចការទទួល ខុសត្រូវ និងព្រំដែនកំណត់ពិសេសដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិ ពលរដ្ឋនិងនយោបាយ។
រដ្ឋធម្មនុញ្ញកម្ពុជា ការពារសេរីភាពក្នុងការបញ្ចេញមតិស្រប ច្បាប់ ប៉ុន្តែមិនមែនសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្អួចកេរ្តិ៍ឈ្មោះ ញុះញង់ឱ្យមានអំពើហិង្សា និងសាបព្រោះការរើសអើងជាតិសាសន៍ឡើយ៍។
ជាទីបញ្ចប់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមក្រើនរំលឹកអ្នករាយការណ៍ពិសេសឱ្យយក ចិត្តទុកដាក់ ចំពោះសេចក្ដីថ្លែងការណ៍របស់គណៈប្រតិភូភាគច្រើនលើសលប់ នៅក្រុមប្រឹក្សាសិទ្ធិ មនុស្ស ដែលបានគូសបញ្ជាក់ពីភាពចាំបាច់នៃការកែលម្អរបៀបរបបការងាររបស់អ្នកកាន់អាណត្តិ នីតិវិធីពិសេស ដោយត្រូវអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងការទទួលខុសត្រូវ ដោយភាពស្មោះត្រង់៕
ដោយ៖ សុខ ខេមរា