ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងពេកបានបើករថយន្តស៊េរីទំនើបបុកជាមួយនឹងរថយន្តបែនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំហើយទើបបើករថយន្តស៊េរីទំនើបម៉ាក CHEVROLETទៅបុកជាមួយនឹងរថយន្តបែនមួយគ្រឿងនៅចំណុចភ្លើងស្តុប២៤ម៉ោងតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង៤៥នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១​ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

តាមប្រភពពីសមត្ថកិច្ចដែលប្រចាំការនៅគោលដៅកើតហេតុខាងលើ បានប្រាប់ឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកCHEVROLETពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2I-7887តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីកើតទៅលិច និងក្នុងស្ថានភាពស្រវឹង។ ពេលបើកមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តបែនមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយមានក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ3F-3464 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ដោយបំពានភ្លើងស្តុប(ភ្លើងពណ៌ក្រហម )បណ្ដាលឲ្យរថយន្តCHEVROLETខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ។បន្ទាប់មកបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនសារព័ត៌មានជាច្រើនស្ថាប័នចុះទៅធ្វើការឡាយផ្សាយផ្ទាល់ភ្លាមៗ ស្រាប់តែម្ចាស់រថយន្តស៊េរីទំនើបនោះបានយកទូរស័ព្ទមកថតអ្នកសារព័ត៌មានវិញ ហើយប្រើពាក្យសម្ដីមិនសមរម្យមកលើបងប្អូនអ្នកសារព័ត៌មានក៏ដូចជាចង់ប្រើហិង្សាផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖