ភ្នំពេញ ៖ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបើកការស៊ើបសួរ ជនត្រូវចោទ ម្នាក់ពាក់ព័ន្ធករណី.ឆ្លៀតឱកាសបន្លំធ្វើសមត្ថកិច្ច ដាក់កុងត្រូលជជុះចាំទារលុយពីអ្នកដឹកបន្លែ ពេលនេះ តំណាងអយ្យការចោទប្រកាន់ហើយ។
លោក ប្លង់សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ ជនត្រូវចោទពីបទគំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ តាមមាត្រា ២៣២ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនទៅឲ្យចៅក្រមបន្តការស៊ើបសួរបន្តតាមនីតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត នៅភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
គួររំលឹកថា នារសៀលថ្ងៃខែខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូលជជុះ ឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដោយសំឡុតគំរាមកំហែងទារប្រាក់ ។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ជាអាជីវករលក់ដូរ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនក៏ប្រទះឃើញមានករណីនេះកើតមានពិតប្រាកដមែន ភ្លាមនោះកម្លាំងល្បាតក៏ បានធ្វើការបង្ក្រាបជាក់ស្តែង នៅចំណុចមុខការដ្ឋានផ្ទះល្វែង តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌ ដង្កោ កាលពីវេលាម៉ោង១២ និង៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយបានធ្វើការឃាត់ខ្លួនជនឆ្លៀតឱកាសជាសមត្ថកិច្ចម្នាក់នោះ ព្រមទាំងដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកហ្វដចង្កូតស្តាំ ពណ៌ទឹកសមុទ្រ ១គ្រឿង និងឧនរណ៍សម្រាប់ធ្វើចរាចរណ៍(កោន)៦ ផងដែរ ។បច្ចប្បន្នជនត្រូវចោទកំពុងក្នុងតំណាក់កាលចៅក្រមស៊ើបសួរបន្តតាមនីតិវិធី ។
ដោយ៖ (Ra Ra)