ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ ទន្ទឹមនឹងចាក់វ៉ាក់សាំងដូសជំរុញនេះជូនដល់ប្រជាជន , ក្រសួងសុខាភិបាលត្រូវបន្តសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នកម្ម ជាប្រចាំអំពីរបបចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា, ទន្ទឹមចាក់វ៉ាក់សាំងដូសជំរុញនេះជូនដល់ប្រជាជន ក្រសួងសុខាភិបាលត្រូវបន្តសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នកម្ម ជាប្រចាំអំពីរបបចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ, ប្រភេទវ៉ាក់សាំងដែលអាចប្រើជាដួសជំរុញ និងតម្លាត ពេលវេលានៃការចាក់ដូសជំរុញនេះ ហើយធ្វើការផ្សព្វផ្សាយព័ត៌មាន និងជូនដំណឹងដល់សេវាសុខាភិបាល និងសាធារណជនឱ្យបានទូលំទូលាយ។

– ជូនដំណឹងដល់សាធារណជនអំពីរបបនៃការចាក់វ៉ាក់សាំង និងណែនាំអំពីរបៀបនៃការទទួល បានការចាក់វ៉ាក់សាំងដូសជំរុញនេះ ដោយរួមទាំងប្រភេទវ៉ាក់សាំងដែលអាចប្រើជាដូសជំរុញ, គម្លាតពេលវេលា នៃការចាក់ដូសជំរុញ និងរបបនៃការចាក់វ៉ាក់សាំងដូសជំរុញ។

ចំពោះ-យន្តការអនុវត្តគោលនយោបាយ៖ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំង ដូសជំរុញនេះ, រាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចជូនដល់ក្រសួង-ស្ថាប័ន និងយន្តការដែលមានការពាក់ព័ន្ធ ដូចខាងក្រោម៖

– គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវដឹកនាំសម្របសម្រួលការងាររួម និងតាមដានត្រួតពិនិត្យការអនុវត្តសេចក្តីប្រកាសគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព។

– គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវរៀបចំផែនការ សកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដួសជំរុញ និងត្រូវខិតខំដឹកនាំសម្របសម្រួលការអនុវត្តផែនការនេះឱ្យបាន ចប់សព្វគ្រប់តាមការគ្រោងនៅក្នុងអំឡុងពាក់កណ្ដាលឆ្នាំ ២០២២ ខាងមុខ ព្រមទាំងត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងផ្តល់ការគាំទ្រចាំបាច់នានាដល់ការអនុវត្តផែនការសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយរាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅសេវាសុខាភិបាល ឯកជនផងដែរ។– គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ ត្រូវរៀបចំផែនការលទ្ធកម្ម បម្រើឱ្យផែនការសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ និងស្វះស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំង តាមរយៈ យន្តការទ្វេភាគី និងពហុភាគី ដើម្បីត្រៀមបម្រុងវ៉ាក់សាំងទុកជាមុនឱ្យបានគ្រប់គ្រាន់ សម្រាប់ការចាក់ដុសជំរុញ នេះ ស្របតាមយុទ្ធសាស្ត្រវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងតាមផែនការសកម្មភាព ដែលរៀបចំដោយគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។ ដោយសារប្រជាជនកម្ពុជាភាគច្រើន លើសលប់បានទទួលការចាក់វ៉ាក់សាំងប្រភេទ Sinopharm និង Sinovac ជាវ៉ាក់សាំងមូលដ្ឋាន ហើយ ដោយសារវ៉ាក់សាំងប្រភេទនេះ ត្រូវបានរកឃើញដោយក្រុមការងារជំនាញថា អាចជាជម្រើសមានប្រសិទ្ធភាព មួយក្នុងការប្រើប្រាស់សម្រាប់ជាដូសជំរុញ ទាំងចំពោះអ្នកដែលបានចាក់វ៉ាក់សាំងមូលដ្ឋានប្រភេទ Sinopharm ឬ Sinovacទាំងចំពោះអ្នកដែលបានចាក់វ៉ាក់សាំងមូលដ្ឋានប្រភេទ AstraZeneca ឬ Johnson & Johnson, ដូច្នេះ ក្នុងការរៀបចំផែនការលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ, គណៈកម្មការចំពោះកិច្ច ទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ ត្រូវបន្តយកមិត្តចិនធ្វើជាបង្អែកផ្នែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ដល់ព្រះរាជាណាចក្រកម្ពុជា ហើយប្រភពផ្សេងទៀត នៅបន្តជាប្រភពគាំទ្រ ដែលបម្រើឱ្យតម្រូវការចាំបាច់នៃ ផែនការវ៉ាក់សាំងរបស់ព្រះរាជាណាចក្រកម្ពុជា ទាំងជាវ៉ាក់សាំងដូសជំរុញ ទាំងជាវ៉ាក់សាំងសម្រាប់ជុំទី២ ផ្អែកតាមលទ្ធភាពរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖