អាមេរិកសម្រេចផ្តល់ជូនវៀតណាមវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ចំនួន១លានដូសបន្ថែមទៀត ធ្វើឲ្យចំនួនវ៉ាក់សាំងដែលអាមេរិកជួយដល់វៀតណាមមានរហូតដល់ទៅ ៦លានដូសហើយ។
នៅក្នុងជំនួបពិភាក្សារវាងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញនាថ្ងៃទី ២៥ខែសីហា លោកស្រីហារីសប្រកាសថា អាមេរិកនឹងផ្តល់ជំនួយវ៉ាក់សាំង១លានដូសថែមទៀតដល់ប្រទេសវៀតណាម ។
ការិយាល័យអនុប្រធានាធិបតីអាមេរិក បានឱ្យដឹងថា ចំពោះការខូចខាតយ៉ាងធ្ងន់ដែលបង្កឡើងដោយកូវីដ-១៩ នៅក្នុងប្រទេសទាំងពីរ (អាមេរិក-វៀតណាម) រដ្ឋាភិបាលរបស់លោក បៃឌិន-ហារីស បានខិតខំប្រែក្លាយទឹកដីអាមេរិកទៅជាឃ្លាំងស្តុកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅលើពិភពលោក។ អនុប្រធានាធិបតីអាមេរិក បានប្រកាសបន្ថែមជំនួយវ៉ាក់សាំង១លានដូសទៀតដល់ប្រទេសវៀតណាម ធ្វើឲ្យចំនួនវ៉ាក់សាំងដែលអាមេរិកផ្តល់ជូនវៀតណាមមានដល់ទៅ៦លានដូស។
អាមេរិកបានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់វៀតណាមចំនួន៥លានដូសរួចមកហើយនូវប្រភេទវ៉ាក់សាំង Moderna ។ សរុបវ៉ាក់សាំងដែលអាមេរិកបានផ្តល់ជូន២០ប្រទេសក្នុងតំបន់អាស៊ីកើនឡើងដល់ទៅ ២៣លានដូស។
វៀតណាមជាប្រទេសមួយស្ថិតនៅក្នុងចំណោម១០ប្រទេសក្នុងតំបន់អាស៊ានដែលទទួលបានជំនួយវ៉ាក់សាំងពីអាមេរិកច្រើនជាងគេបំផុត ៕
ដោយ៖ធីរីណា(រូបថត៖Minh Nhat)