ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញកំពុងមមាញឹក និងពន្លឿនការស្តារប្រឡាយមេជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ត្រៀមបញ្ចប់ឲ្យអស់នៅដំណាច់ខែសីហានេះ ដើម្បីរំដោះការលិចលង់នារដូវវស្សានេះ

ចែករំលែក៖

ភ្នំពេញ៖ តាមការបញ្ជាក់ឱ្យដឹងពីមន្ដ្រីជំនាញនៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ សីហានេះថា៖ ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោក ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ ឱ្យមន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរដែនដីធ្វើសកម្មភាពស្តារ ប្រឡាយមេជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ។ សកម្មភាពស្តារប្រឡាយមេទាំងនេះនឹងបញ្ចប់ឱ្យអស់នៅដំណាច់ខែសីហានេះ ដើម្បីរំដោះការលិចលង់ ភូមិឋានប្រជាពលរដ្ឋ ។
ប្រឡាយទឹកដែលក្រុមការងារបានអនុវត្តរួចរាល់និងកំពុងអនុវត្តការងារស្តារនៅពេលនេះរួមមាន ប្រឡាយមេទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេការពារដីបាក់ ដោយគិតមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានជិត១០០ភាគរយហើយ ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការបង្ហូរទឹក រំដោះទឹកជំនន់ពីផ្លូវជាតិលេខ៣ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌមានជ័យទៅកាន់បឹងជេីងឯក និង​បន្ត​ហូរ​ទៅកាន់ស្ទឹងជ្រៅ។
ប្រឡាយមេទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅទី២ និងចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា ។ ប្រឡាយមេលូ៥ ជាប្រឡាយដែលគេទទួលស្គាល់ថាជាប្រឡាយដ៏សំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែន ជ័យ ,ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទម្លាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក ដែលគិតមកដល់ពេលនេះការស្តារប្រឡាយនេះត្រូវបានបញ្ចប់១០០ភាគរយហើយ ។
ប្រឡាយមេស្ទឹងមានជ័យ ក្រុមការងារបាននិងកំពុងស្ថាបនាដោយការបុកសុីផាយបេតុងជញ្ជាំងប្រឡាយមានប្រវែងជាង១៥០០ម៉ែត្រ ទោះបីជាមិនទាន់រួចរាល់យ៉ាងណាក្តី តែប្រឡាយនេះអាចបង្ហូរទឹកបានយ៉ាងល្អ មិនមានបញ្ហាអ្វីឡើយ ។
ប្រឡាយមេម័លនៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែង២.៨១៥ម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន គ្រោងនឹងបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១ខាងមុខនេះ ។ ប្រឡាយមេពីរខ្សែនៅអមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិលេខ៤តភ្ជាប់ទៅប្រឡាយអូរលាវ ក្រុមការងារបានស្តារដើម្បីបើកមុខទឹកឱ្យហូរទៅកាន់បឹងទំនប់កប់ស្រូវ។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យផងដែរ។
ការស្តារប្រឡាយមេបឹងទំពុន ដែលមានប្រវែង៣.៧១០ម៉ែត្រទទឹង៣០ម៉ែត្រពីប្រ ឡាយស្ទឹងមានជ័យ ដល់ស្ថានីយបឹងទំពុនផ្លូវលេខ៣៧១ ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិ៍សែន ជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោកនិង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។
ស្តារព្រែកអូរខ្សាច់ដែលមានប្រវែង១៦. ៧៩៩ម៉ែត្រ មាត់លើ២៦ម៉ែត្រ បាតក្រោម ១៧ម៉ែត្រ និងជម្រៅ៣ម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប្រវែង២.០៤៩ម៉ែត្រ និងខណ្ឌកំបូល រាជធានីភ្នំពេញ ប្រវែង១៤.៧៥០ម៉ែត្រ ។ ប្រឡាយនេះមានតួនាទីរំដោះទឹកចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល បន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាមោកតែម្ដង។
ការស្ដារប្រឡាយមេបឹងហា ដែលមានប្រវែងជាង២គីឡូម៉ែត្រ ចាប់ពីស្ពានថ្មផ្លូវព្រៃស ដល់ស្ថានីយបូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្ដការងារស្តាររួចរាល់១០០ភាគរយហើយ។
ការស្តារប្រឡាយមេបឹងត្របែក ដោយចាប់ផ្ដើម​អនុវត្តន៍​ការងារកាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២១ និងបានបញ្ចប់កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១កន្លងមក៕

ដោយ ៖ សំរិត


ចែករំលែក៖