ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនស្ត្រីចេញសែកអត់លុយ ទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៥សីហា ឆ្នាំ២០២១នេះ បានបញ្ជូនស្ត្រីម្នាក់មកកាន់សាលាដំបូងពាក់ព័ន្ធនឹងបទល្មើស « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន »ដើម្បីប្រគល់ឲ្យអយ្យការធ្វើការស៊ើបសួរបន្តតាមនីតិវិធី ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃុយ ភាព អាយុ៦៥ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥០ ផ្លូវលេខ ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ការចាប់ខ្លួនស្ត្រីឈ្មោះ ឃុយ ភាព គឺអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ឯក ប៉ូលីហ្វៀល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីជនត្រូវចោទគេចវេសមិនព្រមចូលខ្លួនមកឆ្លើយបំភ្លឺនៅតុលាការ ។

គួររំលឹកថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឃុយ ភាព បានចេញមូលប្បទានប័ត្រ២សន្លឹកលេខ ៥៨៤៥៥៧ ចុះថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ និងសែកលេខ ៤៨៤៥៥៤ ចុះ២៨ ខែមីនា ឆ្នាំ២០១៨ មានទឹកប្រាក់ចំនួន២៩០០០ដុល្លារឲ្យទៅឈ្មោះ ឃុយ សុភាព និងសួន ចន្ថា ។ លុះដល់ថ្ងៃបើកលុយស្រាប់តែខាងធនាគារ អេសុីលីដា បញ្ជាក់ថា សែកនោះគ្មានលុយមួយរៀលទេ ហើយឈ្មោះ ឃុយ ភាព គេចវេសមិនព្រមដោះស្រាយ ទើបម្ចាស់ប្រាក់ប្ដឹងមកអយ្យការអមសាលាដំបូង ហើយតុលាការកោះហៅជាបន្តបន្ទាប់ តែជនសង្ស័យមិនព្រមចូលខ្លួនសោះទើបចៅក្រមស៊ើបសួរបង្គាប់ឲ្យនាំខ្លួនតែម្ដង ។

បច្ចប្បន្ន ជនត្រូវចោទកំពុងស្ថិតក្នុងតំណាក់កាល ចៅក្រមស៊ើបសួរនៅឡើយ ៕

ដោយ៖ (Ra Ra)


ចែករំលែក៖