ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវចោរឆក់យកកាបូបបានសម្រេចនៅសង្កាត់ទួលសង្កែទី២​ បណ្តាលឲ្យដួលម៉ូតូរងរបួសយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីម្នាក់ពេលកំពុងជិះម៉ូតូសុខៗស្រាប់តែត្រូវជនសង្ស័យឆក់យកកាបូបទៅបាត់ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុង ឫទ្ធី ក្បែរបុរីប៉េងហួត ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ស្រី នីត ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅក្នុងបុរីមួយកន្លែង ក្បែរផ្សារអុីអន២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

​ តាមការរៀបពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា​ មុនកើតហេតុរូបនាងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FF-2467ចេញពីហូបចំណីនៅកន្លែងមួយ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុង ឫទ្ធី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងមិនចាំស្លាកលេខ បានមកពីក្រោយរួចធ្វើសកម្មភាពឆក់យកកាបូបរបស់នាងបានសម្រេច​ និងបណ្ដាលឲ្យរូបនាងដួលម៉ូតូបោកនឹងថ្នល់រងរបួសដៃម្ខាងយ៉ាងដំណំ។ភ្លាមនោះជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។​ ជនរងគ្រោះបានបន្តទៀតថា កាបូបរបស់នាងដែលត្រូវជនសង្ស័យឆក់យកទៅនោះ មានលុយខ្មែរបន្តិចបន្តួចនិងទូរស័ព្ទដៃម៉ាក iphone 6 plus មួយគ្រឿង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានរថយន្តសង្គ្រោះបន្ទាន់ក៏បានចុះមកដល់កន្លែងកើតហេតុដែរ រួចបានលាងមុខរបួស និងរុំបង់ឱ្យជនរងគ្រោះ។ បន្ទាប់មកក៏ឃើញឪពុកជនរងគ្រោះបានមកដល់ដោយប្រាប់ទៅសមត្ថកិច្ចថាមិនដាក់ពាក្យបណ្ដឹងនោះទេ រួចក៏នាំកូនត្រឡប់ទៅផ្ទះតែម្ដង​ ៕​

ដោយ​ ៖​​ ភារ៉ា​ ដង្កោ

 


ចែករំលែក៖