ព័ត៌មានទាន់ហេតុការណ៍៖

ព្រហើន! ស្ងាត់ៗ លួចរៀបខឿនចូលសមុទ្រប្រុងព័ទ្ធយក,ត្រូវ អាជ្ញាធរសម្រេចយកគ្រឿងចក្រវាយកម្ទេចចោល !

ចែករំលែក៖

ខេត្តកែប ៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ម្សិលមុិញនេះ សំណង់ខឿនលួចសង់ចូលទៅ​ក្នុងសមុទ្រ​ ប្រុងនឹងវាទយកធ្វើកម្មសិទ្ធិ​មួយ​កន្លែង ស្ថិត​នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវ​អាជ្ញាធរ​ចុះទៅ​វាយកម្ទេច​ចោលគ្មានសល់។ ប៉ុន្តែគេពុំទាន់បញ្ជាក់ពីអត្តសញ្ញាណជនរំលោភយកសមុទ្រនោះនៅឡើយទេ អាចជាអ្នកមានមុខមានមាត់ក្នុងខេត្តនេះ។  

បើយោងទៅតាមប្លង់ ការរៀបខឿនចូលសមុទ្រពីសំណាក់ជនអនាមិក(គេនៅលាក់ឈ្មោះ)នេះ មានទំហំរហូត ១.៤៥៨ម៉េត្រការ៉េឯណោះ។ 

ដោយឡែកលោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា, ការរៀបខឿននេះ គឺរំលោភចូលសមុទ្រជាទ្រព្យសម្បត្តិរបស់រដ្ឋទាំងស្រុង តែលោកស្រីមិនអាចបញ្ជាក់ថា ជននៅពីក្រោយរឿងនេះ ជានរណានោះទេ ដោយលោកស្រីថា «មិនស្គាល់ទេ»។

នៅជុំវិញឆ្នេរអង្កោល ការរៀបខឿនចូលសមុទ្រ ដើម្បីទន្រ្ទានធ្វើជាកម្មសិទ្ធិ មិនមែនជារឿងដែលទើបតែកើតឡើងថ្មីៗនោះទេ កន្លងមកករណីដូចគ្នានេះ បានកើតឡើងជាញឹកញយដង ហើយកន្លែងខ្លះក៏ជោគជ័យ កន្លែងខ្លះក៏ទើបតែរៀបហើយថ្មីៗ តែមិនទាន់ឃើញវិធានការរបស់រដ្ឋបាលស្រុក ក៏ដូចជារដ្ឋបាលខេត្ត ចាត់ចែងយ៉ាងណាចំពោះបញ្ហានេះនៅឡើយ។

យ៉ាងណាក៏ដោយចំពោះវិធានការរបស់អាជ្ញាធរថ្មីៗនេះ ​ប្រជាពលរដ្ឋនៅជាប់តំបន់ឆ្នេរ បានសម្តែងការសាទរ ចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរ តែពួកគាត់សំណូមពរ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចបន្តធ្វើបែបនេះទៅកន្លែងដទៃទៀតផង។

សូមបញ្ជាក់ផងដែរថា, ចំពោះបញ្ហាខាងលើនេះ ទោះជាលោកស្រីដាក់ភិបាលស្រុក បានអះអាងថាមិនស្គាល់អត្តសញ្ញាណអ្នកលួចសាងសង់នេះក៏ដោយ ប៉ុន្តែជាអំពើល្មើសច្បាប់របស់ជនខិលខូច រំលោភចូលសមុទ្រជាទ្រព្យសម្បត្តិរបស់រដ្ឋទាំងស្រុង ។ ដូច្នេះត្រូវតែមានវិធានការផ្លូវច្បាប់ ពីអាជ្ញាធរក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីរកមុខឲ្យឃើញធ្វើការដោះស្រាយចំពោះមុខច្បាប់ ដើម្បីជាវិធានការលុបបំបាត់នូវនិទណ្ឌភាព នៃការប្រព្រឹត្តបទល្មើសរបស់បុគ្គលមួយចំនួនដែលតែងតែប្រព្រឹត្តបែបនេះជាញឹកញាប់កន្លងមក ហើយគ្មានទោសទណ្ឌ ទើបពួកគេនៅហ៊ានប្រព្រឹត្តបទល្មើស ៕

ដោយ ៖ សិលា


ចែករំលែក៖