ភ្នំពេញ៖ បើយោងតាមប្រភពពីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា, លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីឈានទៅបើករាជធានីភ្នំពេញនិងប្រទេសជាតិជាធម្មតាឡើងវិញ។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២១ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌចំនួន២រូប គឺខណ្ឌទួលគោកនិងខណ្ឌប្ញស្សីកែវដោយក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីនិងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ក្នុងពីធីនោះ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់តំណែងថ្មីជាអភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ។
ចំណែក លោក ជា ពិសី ដែលជាអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវបានផ្ទេរមកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកវិញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ មកដល់ពេលនេះ នៅមានខណ្ឌមួយចំនួនបាននិងកំពុងលួចបើក ក្លឹបកម្សាន្ត លួចបើកខារ៉ាអូខេ ជួបជុំផឹកស៊ី។
ដូច្នេះលោកស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អោយបាននូវក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងនេះ។ លោកបញ្ជាក់ថា ៖យើងមិនត្រូវធ្វើតាមការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំលែងថ្មីប្រភេទដែលតានេះ និងដើម្បីឈានទៅបើកឡើងវិញនៅរាជធានីភ្នំពេញនិងនៅទូទាំងប្រទេស។
លោក ឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលខណ្ឌទាំងអស់មានការធ្វើល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើសនិងទប់ស្កាត់បាននូវការជួបជុំការផឹកស៊ី ដែលបង្កឲ្យមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បន្ថែមពីលើនេះទៀត លោកអភិបាលរាជធានីក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ពិសេស លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវដែលត្រូវបានផ្ទេរតំណែងនៅព្រឹកនេះ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អប្រសើរ ពិសេស ទប់ស្កាត់ឲ្យបាននូវការហូរចូលមកវិញ នូវបែរត្រី នៅតាមដងទន្លេសាប ក្រោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំឲ្យមាន សណ្ដាប់ធ្នាប់ល្អប្រសើរហើយនោះ។
ជាងនេះទៀតលោក ឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំងពីរ អនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរ ដើម្បីឈានទៅទទួលនូវភាពជោគជ័យនៃការកាត់ផ្ដាច់ជំងឺកូវីដ-១៩នេះ។
ត្រូវធ្វើទំនាក់ទំនងគ្នាឲ្យបានល្អប្រសើរ រវាងក្រុមប្រឹក្សានិងគណៈអភិបាល ជាមួយនិងការខិតខំធ្វើការ ដោះស្រាយទំនាស់ដីធ្លី និងទប់ស្កាត់អោយបាននូវទំនាស់ដីធ្លីដែលកើតឡើងថ្មីទៀត។
លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវថ្មីក្នុងឱកាសនោះក៏បានធ្វើការប្តេជ្ញាចិត្ត ដោយគាំទ្រសម្តេចតេជោហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ, សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដើម្បីបំពេញការងារនិងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវអោយកាន់តែរីកចំរើនមួយកម្រិតថែមទៀត៕
ដោយ ៖ សិលា