គិតត្រឹមថ្ងៃទី២៧ខែសីហា នៅទូទាំងពិភពលោកបានចាក់វ៉ាក់សាំង ជូនពលរដ្ឋបានជាង៥ពាន់លាន
ដូសហើយ ក្នុងនោះប្រទេសចិនបានចាក់ច្រើនជាងគេគឺជិត២ពាន់លានដូសជូនពលរដ្ឋរបស់ខ្លួន។ បន្ទាប់មកគឺឥណ្ឌា អាមេរិក ប្រេស៊ីល ជប៉ុន អាល្លឺម៉ង់ ឥណ្ឌូនេស៊ី តួកគី អង់គ្លេស បារាំង ស្ថិតនៅក្នុងចំណោម១០ប្រទេសដែលចាក់វ៉ាក់សាំងបានច្រើនជាងគេបំផុត។
ក្នុងពេលជាមួយគ្នានោះដែរប្រទេសជុំវិញពិភពលោកបានខិតខំចាក់វ៉ាក់សាំងជូនពលដ្ឋរបស់ខ្លួនដើម្បីគ្រប់គ្រងការឆ្លងកូវីដ-១៩នៅក្នុងសហគមន៍ឲ្យបានលឿនបំផុតដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ពិសេសគឺវិស័យទេសចរណ៍ និងការធ្វើចរាចរណ៍របស់មនុស្សជាតិនៅជុំវិញពិភពលោក។
បើគិតតាមភាគរយនៃប្រជាជននៅក្នុងប្រទេស គឺប្រទេសអារ៉ាប់រួមចាក់បានច្រើនជាងគេ គឺចាក់បានដល់ទៅ៨៥,៣% ។ ប្រទេសព័រទុយហ្គាល់ ៨២,០៥% ប្រទេសអាយឡែន ៨១,៤% ប្រទេសម៉ាល់តា ៨០,០២% ប្រទេស កាតារ៧៤,៤%។
ចំណែកប្រទេសដែលបានចាក់រួចរាល់ដូសទីពីរគិតជាភាគរយច្រើនជាងគេគឺប្រទេសម៉ាល់តា ៧៩,៧៨% ប្រទេសអាយឡែន ៧៧,០៥% ប្រទេសអារ៉ាប់រួម ៧៤,៨% ប្រទេសសិង្ហបុរី ៧៤,៣៣% និងប្រទេសព័រទុយហ្គាល់មាន៧២,៨៤%។
ចំណែកអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោកវិញ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២១៥, ៤៧៧,២៤២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៤៨៨,៥៧០នាក់ និងជាសះស្បើយឡើងវិញ ១៩២,៦៥៧,៦៤៩នាក់៕ដោយ៖ធីរីណា
រូបភាព៖ TTXVN