ព័ត៌មានទាន់ហេតុការណ៍៖

បង្គោលភ្លើង១ដេីមបាក់ខ្ទេច ខណៈរថយន្តបើកបុកក្រឡាប់ផ្ងារជើង ទ្រមេឃ ឈានដល់សង្កត់បាក់ដេីមឈេីមួយដេីមទៀត !

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តហាយឡេនឌ័រមួយគ្រឿងយ៉ាងលឿនដូចហោះ​ហេីយរេចង្កូតមកបញ្ច្រាសផ្លូវជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យបាក់រាបដល់ដី​ ហើយរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃសង្កត់ដេីមឈេីមួយដេីមទៀតផងដែរ​ តែតៃកុងរងរបួសស្រាល។​
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១០​ និង២០នាទីយប់ថ្ងៃសុក្រ ទី២៧ ខែ សីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ជិតសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​, មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តមួយគ្រឿង​ម៉ាក​ ហាយឡេនឌ័រ​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2BK 9687ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃបញ្ច្រាសផ្លូវ​ ជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដេីម​ ឯរថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើមកសង្កត់ដេីមឈេីបាក់អស់មួយដេីមទៀត​ ។

ភ្លាមៗនោះដែរតៃកុងរថយន្តបង្កបានលូនចេញពីរថយន្ត​ ដោយស្ថានភាពរបួសស្រាល។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យបានចុះមកដល់ចំណុចកើតហេតុ​ និងបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញក្រុងភ្នំពេញ​ ចុះធ្វេីការវាស់វែងនិងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់​៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖