ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន​ ជីប ម៉ុង បើកបត់ឆ្លងផ្លូវទៅបុកម៉ូតូកិនបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង​ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន​ ជីប​ម៉ុង​ លែន បើកបត់ឆ្លងផ្លូវទៅបុករួចកិនអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ០៩ និង១០នាទីយប់ថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨​ កែងផ្លូវ៣២៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន​ ជីប​ ម៉ុង​ លែន មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ5A-0726ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ៣២៧បានបត់ឆ្វេងដៃទៅទិសខាងកើត ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CM-2121ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង​ បានបុកនិងកិនបុរសម្នាក់ម្ចាស់ម៉ូតូបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់មួយរំពេច​ ។ បន្ទាប់មកតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍ឃើញសភាពមិនស្រួលក៏បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។​ ដោយឡែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖