ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបានបែកក្បាលស្លាប់ចោលប្រពន្ធនិងកូនឲ្យកំព្រា ខណៈជិះម៉ូតូទៅទិញផ្លែឈើត្រូវរថយន្តកុងតឺន័របើកមកបុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅជិតភោជនីយដ្ឋាន បឹងឈូក ផ្លូវថៃហ្គឺរ ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនងគ្រោះឈ្មោះ មាន បាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ ភូមិម្លប់ឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1V 1362 ជាមធ្យោបាយធ្វើដំណើរ ។ ចំណែករថយន្តបង្កម៉ាក នីសាន់ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A 6868 បេីកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញ បុរសម្នាក់ដែលជាជនរងគ្រោះ បានជិះម៉ូតូម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្ដោយផ្លូវថៃហ្គឺរ ទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែមានរថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ម៉ាក នីសាន់ ពណ៌បៃតង បានបេីកធ្វើដំណើរ តាមផ្លូវថៃហ្គឺរក្នុងទិសដៅ ពីត្បូងទៅជើង បញ្ច្រាសទិសគ្នា ហេីយពេលនោះ មិនដឹងយ៉ាងមិច ក៏ស្រាប់តែរថយន្ត បានរេចង្កូតចូលគន្លងផ្លូវម្ខាងទៀត ជាផ្លូវរបស់ខាងម៉ូតូ ហេីយក៏ជ្រុលទៅបុកម៉ូតូ ទាំងកំរោល បណ្តាលឲ្យខ្ទាតបុរសជាអ្នកជិះម៉ូតូ បោកក្បាលហូរឈាមស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវ ចំណែករថយន្តវិញបានអូសម៉ូតូប្រហែល២០០ម៉ែត្រ ហើយរថយន្តបង្កនៅតែបន្តបេីករត់ទៅមុខប្រហែលជិត៤គីឡូម៉ែត្រ ដល់ចំណុចផ្លូវកោង ក៏ត្រូវបាន កម្លាំងប្រជាការពារសង្កាត់ព្រែកថ្មី ដេញឃាត់រថយន្ដបាន ចំណែកអ្នកបេីកបរ បានបេីកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ។
មួយសន្ទុះក្រោយមក ក៏មានសាច់ញាតិរបស់ជនរងគ្រោះ បានមកដល់កន្លែងកេីតហេតុ ហេីយរៀបរាប់ យំបោកខ្លួនអោបសពទាំងអារម្មណ៍ក្ដុកក្ដួលសោកស្ដាយ និងបាននិយាយថា ជនរងគ្រោះ បានចេញពីរត់ម៉ូតូឌុប ហើយក៏ឈា្លតចូលទិញផ្លែឈើ ផ្ញើអ្នកផ្ទះហូប តែមិនទាន់ដល់ផ្ទះ ផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់តែម្ដង។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញ ចុះទៅកន្លែងកេីតហេតុ ព្រមទាំងធ្វើលិខិតប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះក្រុងតាខ្មៅ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង យកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ