ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកវាយប្រហារសម្លាប់ក្រុមភេរវកម្មដែលឡើងគម្រោងវាយប្រហារអាកាសយានដ្ឋានទីក្រុងកាប៊ុល

ចែករំលែក៖

កម្លាំងទាហានអាមេរិកបានឱ្យដឹងថា សមាជិកក្រុមភេរវកម្ម ISIS-K ដែលចូលរួមឡើងគម្រោងវាយប្រហារអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល សម្លាប់មនុស្សរាប់សិបនាក់នោះ ត្រូវបានទាហានអាមេរិកវាយប្រហារសម្លាប់ តាមដែនអាកាសពីយន្តហោះគ្មានមនុស្សបើកទៅលើទីតាំងក្រុម ISIS-K ។

លោក Bill Uban អ្នកនាំពាក្យទីបញ្ជាការកម្លាំងទាហានអាមេរិក CENTCOM ទទួលបន្ទុកមជ្ឈិមបូព៌ា បានឱ្យដឹងនៅថ្ងៃទី២៧ខែសីហាថា ថ្ងៃនេះយើងបានវាយប្រហារទៅលើទីតាំងរបស់ក្រុមភេរវកម្មរដ្ឋអ៊ិស្លាម។ ការវាយប្រហារពីយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនេះ បានធ្វើឡើងនៅក្នុងខេត្ត Nangarhar នៃប្រទេសអាហ្វហ្គានីស្ថាន ។ លោក Bill Urban បន្តទៀតថា មិនមានពលរដ្ឋស្លាប់ឬរងរបួសនៅក្នុងការវាយប្រហារនោះឡើយ។
ក្រុមភេរវកម្ម ISIS-K ឬហៅថាក្រុមអ៊ិស្លាម Khorasan ជាសាខានៃក្រុមភេរវកម្មបង្កើតរដ្ឋអ៊ិស្លាមIS ដែលបានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល សម្លាប់ទាហានអាមេរិក១៣នាក់ និងទាហានតាលីបង់ជាង២០នាក់ ។ សរុបអ្នកស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតពីរលើកផ្ទួនៗគ្នានោះបានសម្លាប់មនុស្សដល់ទៅ១៧០នាក់។

ប្រធានាធិបតីអាមេរិក លោកបៃឌិនបានប្រកាសថា លោកនឹងមិនលើកលែងដល់អ្នកនៅពីក្រោយការវាយប្រហារភេរវកម្មនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលនោះឡើយ។ ចំណែកការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកនៅថ្ងៃទី២៧ខែសីហា បានសម្លាប់ខ្មាន់កាំភ្លើងក្រុមភេរវកម្ម ISIS-K មួយរូបដែលជាអ្នកឡើងគម្រោងវាយប្រហារភេរវកម្ម៕

ដោយ៖ ធីរីណា(រូបភាព៖EPA)


ចែករំលែក៖