ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកចូលមន្ទីរពេទ្យដោយឆ្លងកូវីដ-១៩នៅអាមេរិកបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែមករាឆ្នាំ២០២១មក

ចែករំលែក៖

អាមេរិកមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់នៅទូទាំងប្រទេស ហើយអ្នកជំងឺធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី១៤ខែមករាមក។
តាមតួលេខរបស់ក្រសួងសុខាភិបាលអាមេរិក នៅថ្ងៃទី ២៧ខែសីហា(ពេលវេលាក្នុងតំបន់) មានអ្នកជំងឺត្រូវចូលព្យាបាលនៅមន្ទីរពេទ្យដល់ទៅជាង១០១ពាន់នាក់ នៅទូទាំងប្រទេស។

រដ្ឋ Florida, Texas និង California មានករណីឆ្លងកូវីដ-១៩ខ្ពស់ជាងគេបំផុត។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩០,៣៧០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,៣០៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។
ករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៩,៥៤០,៤០១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៥៣,៤០៥នាក់ និងជាសះស្បើយសរុប ៣០.៧៦លាននាក់។
អត្រាករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក បានខិតកាន់តែជិត២០០,០០០នាក់ក្នុងមួយថ្ងៃ ដូចការព្យាកររបស់ក្រុមអ្នកជំនាញអាមេរិកហើយ។ នៅចំពោះមុខនៃការស្ទុះងើបឡើងវិញនៃករណីឆ្លង និងស្លាប់ជាប្រចាំថ្ងៃ សហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ និងអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer អាចប្រើប្រាស់បានជាទូទៅ មិនមែនតែក្នុងករណីបន្ទាន់នោះឡើយ។
គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន៣៦៦លានដូស ក្នុងនោះប្រជាជន ២០២.៩៦លាននាក់ (៦១.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស និង ១៧២.១៧លាននាក់ (៥២.៥%) បានទទួលការចាក់គ្រប់ដូស៕

ដោយ៖ធីរីណា(រូបភាព៖ Boston Globe)


ចែករំលែក៖