ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាបំបែកកំណត់ត្រាចាក់វ៉ាក់សាំងបានរហូតដល់១០លាន ដូសក្នុងមួយថ្ងៃ

ចែករំលែក៖

ឥណ្ឌាជាប្រទេសមានពលរដ្ឋដល់ទៅជាង១,៣ពាន់លាននាក់ បានបំបែកកំណត់ត្រារបស់ខ្លួនដោយចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានរហូតដល់ទៅជាង១០,២លានដូសក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក។

ឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំនៅខែមករាឆ្នាំ២០២១។
នៅលើបណ្តាញសង្គមTwitter នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានបញ្ចាក់ថា«ការចាក់វ៉ាក់សាំងបានជាង១០ លាននាក់ក្នុងមួយថ្ងៃ គឺជាជោគជ័យយ៉ាងធំធេង។ សូមអរគុណដល់ពលរដ្ឋដែលបាននាំគ្នាមកចាក់វ៉ាក់សាំង នាំមកនូវជោគជ័យដល់យុទ្ធនាការចាក់វ៉ាក់សាំង ។
ឯតទគ្គកម្មនៃការចាក់វ៉ាក់សាំងរបស់ឥណ្ឌានាពេលកន្លងមក គឺចាក់បាន ៨,៨ លានដូសក្នុងមួយថ្ងៃនៅថ្ងៃទី ២១ខែមិថុនា ។

លោក NK Arora ប្រធានក្រុមការងារចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ នៅឥណ្ឌាបានបញ្ជាក់ថា ប្រទេសនេះមានសមត្ថភាពចាក់វ៉ាក់សាំងជូនពលរដ្ឋលើសពីចំនួន១០លាននាក់ទៅទៀត ។ លោកធ្លាប់បានលើកឡើងថា ឥណ្ឌាអាចនឹងចាក់ជូនពលរដ្ឋបានរហូតដល់ទៅ១២,៥លាននាក់ក្នុងមួយថ្ងៃ ។
ឥណ្ឌាបានកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យឱ្យបាន១,‌១ពាន់លាននាក់ដល់ចុងឆ្នាំ ២០២១នេះ។ ប៉ុន្តែក្នុងចំណោមនោះមានពលរដ្ឋតែ១៥%ប៉ុណ្ណោះដែលបានចាក់គ្រប់គ្រាន់ចំនួន២ដូស ។
នៅថ្ងៃទី២៨ខែសីហា ឥណ្ឌាបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤៦.៧៥៩នាក់ក្នុងរយៈពេល២៤ម៉ោង ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល២ខែចុងក្រោយនេះ ។ ភាគច្រើនអ្នកឆ្លងស្ថិតនៅតាមបណ្តារដ្ឋភាគខាងត្បូង ៕

ដោយ៖ធីរីណា(រូបភាព៖THX/TTXVN)


ចែករំលែក៖