ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាប់ឆេះផ្ទះទាំងស្រុង ៣ខ្នង ស្មើនឹង ចំនួន ៣គ្រួសារ សមាជិកសរុប ២១នាក់ និងអ្ន្នករងផលប៉ះពាល់ដោយគ្រោះថ្នាក់ខាងលើចំនួន ២នាក់ទៀត នៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ បានទទួលជំនួយសង្រ្គោះពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ។
ក្នុងឱកាសជួបសំណេះណាលជាមួយប្រជាពលរដ្ឋ លោក ទៀង សុគន្ធ នាយកសាខា ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនជាជនរងគ្រោះទាំងអស់ ដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។
លោកនាយកបានបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ សម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ ។
ជាមួយគ្នានេះផងដែរ លោកនាយកបានសំណូមពរដល់ប្រជាពលរដ្ឋ សូមបន្តចូលរួមអនុវត្តឱ្យបានត្រឹមត្រូវនូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី គឺ ៖ ៣ការពារ ៣កុំ និងការចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ។
ជំនួយសង្រ្គោះបានផ្ដល់ជូនដល់គ្រួសារនីមួយៗរួមមាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ,ទឹកសុីអុីវ ១យួរ ,ត្រីខ កំប៉ុង ១យួរ ,ទឹកសុទ្ធចំណុះ២០លីត្រ ១ដបធំ ,ប្រេងឆា ១ដប ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១ប្រអប់ ,កៅស៊ូតង់ ១ផ្ទាំង ,ឃីត ១កញ្ចប់ ,សម្ភារផ្ទះបាយមួយចំនួន និងថវិកាចំនួន ៥០ម៉ឺនរៀល ។
ដោយឡែកចំពោះ ១គ្រួសារ បានរងផលប៉ះពាល់ដោយគ្រោះអគ្គិភ័យឆេះខ្លោចជញ្ជាំងបន្តិចបន្តួច បានឧបត្ថម្ភថវិកាជូន ២០ម៉ឺនរៀល និងប្រជាការពារ ១នាក់ ដែលបានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារខ្សែភ្លើងឆក់នៅក្នុងហេតុការណ៍ចុះជួយសង្គ្រោះនៃគ្រោះអគ្គិភ័យខាងលើ សាខាបានជួយឧបត្ថម្ភនូវថវិកាជូនចំនួន ២០ម៉ឺនរៀលផងដែរ ៕
ដោយ៖សហការី