ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នាំយកថវិកា រង្វាន់សម្តេចតេជោ ជូនលោកយាយ គឹម សៅ ព្រះជន្ម ១០២ឆ្នាំ រស់នៅភូមិ ពុទ្រា ឃុំពុទ្រា ស្រុកសែនជ័យ ខេត្តព្រះវិហារ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ !

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ គឹម សៅ ព្រះជន្ម ១០២ឆ្នាំ រស់នៅភូមិ ពុទ្រា ឃុំពុទ្រា ស្រុកសែនជ័យ ខេត្តព្រះវិហារ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១​ មាន​ ៩០,១២%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧២,៥៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

ដោយឡែក ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និង វិទ្យាស្ថានស្រាវជ្រាវសុខភាព សាធារណៈ រហូតមកដល់ថ្ងៃទី២៨ ខែសីហានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ ១៩ ដែលបំប្លែងថ្មីប្រភេទ B 1. 617-2(delta) នៅ BL ក្នុងប្រទេសកម្ពុជា ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគា ដូនជីនៅវត្ត និង សិស្ស សរុបទាំងអស់ចំនួន ១៧៥២ នាក់ (ស្ត្រី ៨៨៦នាក់) ហើយបានប៉ះពាល់ដល់២៣រាជធានី-ខេត្ត លើកលែងតែ២ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតានៅឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖