ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងស្នើបង្កើតតំបន់សុវត្ថិភាពនៅក្រុងកាប៊ុល រុស្ស៊ីថាមិនអាចចៀសផុតសង្គ្រាមរវាងតាលីបង់នឹងក្រុម ISIS-K

ចែករំលែក៖

ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានលើកឡើងថា ប្រទេសបារាំង និងអង់គ្លេសស្នើដល់អង្គការសហប្រជាជាតិបង្កើតតំបន់សុវត្ថិភាពនៅទីក្រុងកាប៊ុលដើម្បីការពារពលរដ្ឋប្រទេសនេះដែលចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន។
ប្រធានាធិបតីបារាំងបានបញ្ជាក់ថា «យើងខ្ញុំស្នើបង្កើតតំបន់សុវត្ថិភាព គ្រប់គ្រងដោយអង្គការសហប្រជាជាតិ ហើយតាមរយៈតំបន់សុវត្ថិភាពនោះអាចជួយផ្តល់ជំនួយមនុស្សធម៌ជូនពលរដ្ឋអាហ្វហ្គានីស្ថាន»។
នៅថ្ងៃទី៣០ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterresនឹងបើកកិច្ចប្រជុំស្តីពីបញ្ហាអាហ្វហ្គានីស្ថាន ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានអង់គ្លេស បារាំង អាមេរិក ចិន និងរុស្ស៊ី។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានឱ្យដឹងថា មិនអាចគេចផុតពីសង្គ្រាមវាយប្រហារ រវាងក្រុមតាលីបង់នឹងក្រុមភេរវកម្ម ISIS-Kនោះទេ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីបញ្ជាក់ថា ការវាយប្រហារគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលគឺជាការប្រឈមមុខយ៉ាងខ្លាំងរវាងក្រុមតាលីបង់នឹងក្រុមភេរវកម្ម ISIS-K។
នៅថ្ងៃទី២៨ ខែសីហា ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអាហ្វហ្គានីស្ថានលោក Dmitry Zhirn បញ្ជាក់ថា ការផ្ទុះសង្គ្រាមរវាងក្រុមតាលីបង់ នឹងក្រុមភេរវកម្ម ISIS-K ជាសាខាក្រុមភេរវកម្មរដ្ឋអ៊ិស្លាម កំពុងតែដណ្តើមការគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានពីក្រុមតាលីបង់ ហើយក៏ជាក្រុមបដិបក្ខរបស់តាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននេះផងដែរ៕

ដោយ៖ធីរីណា(រូបភាព ៖ AP)


ចែករំលែក៖