ខេត្តមណ្ឌលគិរី ៖ ប្រភពពី រដ្ឋបាលខេត្តមណ្ឌលគិរី បានបញ្ជាក់អោយដឹងថា, ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរ អភិបាលរងខេត្តចំនួន០២រូប លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង អាជ្ញាធរក្រុង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ដែលកំពុងរស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក ស្ថិតនៅផ្សារ ប៉េង ឃុន ក្នុងក្រុងសែនមនោរម្យដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោក បញ្ជាក់ថា នៅទូទាំងក្រុង ស្រុក ក្នុងខេត្តមណ្ឌលគិរីយើងនេះ កំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រហូតដល់ចំនួនអ្នកវិជ្ជមានរាប់រយនាក់ និងនៅតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ហើយបញ្ហាទាំងនេះ បណ្ដាលមកពីខ្វះការចូលរួមពីបងប្អូនប្រជាពរដ្ឋ ក្នុងការគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល។
លោក អភិបាលខេត្ត ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។
បន្ថែមលើសនេះ លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឫមានរោគសញ្ញាសង្ស័យផ្សេងៗ ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់៕
ដោយ ៖ សិលា