ភ្នំពេញ៖ សូមបញ្ជាក់ថា មួយរយៈធំនេះ មជ្ឈដ្ឋានទូទៅ ពិតជាបានឃើញសកម្មភាពយ៉ាងសកម្មបំផុត នឹងស្ទើរតែមិនមានពេលសម្រាក របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ហើយដែលជាមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានចុះបំពេញបេសកកម្មស្ទើរតែគ្រប់ខេត្តទាំងអស់ទូទាំងប្រទេស ដើម្បីនាំយកអំណោយចែកជូនដល់លោកយាយ លោកតា ដែលមានអាយុលើសពី ១០០ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ និងចុះពិនិត្យសកម្មភាពដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ តាមបទបញ្ជាណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
សូមជម្រាបថា, ថ្វីត្បិតតែជាស្ត្រីក៏ពិតមែន តែសកម្មភាពលោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ពីភាពរឹងមាំមិនទន់ជ្រាយ ដែលធ្វើឱ្យមជ្ឈដ្ឋានទូទៅកោតសរសើរមិនដាច់ពីមាត់ ចំពោះសមត្ថភាព និងចំណេះដឹង ក្នុងនាមជាអ្នកនាំពាក្យក្រសួងសុខាភិបាល។
បេសកកម្មរយៈពេល៤ថ្ងៃ ក្នុងការនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគល់ជូនលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ និងអ្នកទី៩លាន នៃការចាក់វ៉ាក់សាំង បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីអំណោយទាំងអស់នេះបានប្រគល់ដល់ដៃរបស់ពួកគាត់។
បេសកកម្មដែលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានចាប់ផ្ដើមចាកចេញពីរាជធានីភ្នំពេញ នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ហើយត្រូវបានបិទបញ្ចប់នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។
និយាយរួម, សរុបបេសកកម្ម៤ថ្ងៃ! អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអ្នកទី៩លាន នៃការចាក់វ៉ាក់សាំងកូវីដ និងលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង ចំនួន១៨នាក់ ៕
ដោយ ៖ សិលា