ខេត្តតាកែវ ៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ នៅថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ នៅតែបន្តរកឃើញដេប៉ូប្រេងឥន្ធនៈ ចំនួន ៣ទីតាំង ស្ថិតក្នុង ឃុំដូង និងឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ប្រកបអាជីវកម្មមិនស្មោះត្រង់ផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
យោងតាមមន្រ្តីជំនាញ បានគូសបញ្ជាក់ថា ចំពោះអាជីវកម្មដែលប្រកបរបរមិនស្មោះត្រង់ផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដូចនេះមន្រ្តីជំនាញបានចាត់វិធានការពិន័យអន្តរការណ៍តាមបទប្បញ្ញត្តិជាធរមានផងដែរ។
ជាក់ស្តែងក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ និងដេប៉ូចែកចាយទាំង ០៣ទីតាំងផងដែរ។
ក្រោយប្រតិបត្តិការរួចជាលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៣ទីតាំង ស្ថិតក្នុងឃុំដូង និងឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ គឺប្រកបអាជីវកម្មមិនស្មោះត្រង់ផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
គួរបញ្ជាក់ដែរថា កន្លងទៅនៅពេលដែលមន្រ្តីជំនាញ ចុះរកឃើញលើកទី១ បានឱ្យម្ចាស់ស្ថានីយ និងដេប៉ូទាំងអស់ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមផងដែរ។ ប៉ុន្តែប្រសិនបើមន្រ្តីសាខា ក.ប.ប. រកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕
ដោយ៖អារុណរះ