ព័ត៌មានទាន់ហេតុការណ៍៖

បេីករថយន្ដ តូយ៉ូតាព្រូស គេចពីរថយន្ដស៊េរីទំនេីបជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ២៧១បាក់អស់៣កង់

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្ដ​ព្រូស មួយគ្រឿងគេចពីរថយន្ដស៊េរីទំនើបមួយគ្រឿងទៀតក៏បួងចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់៣កង់ ចំណែកឯរថយន្ដរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    បេីតាមសម្ដីបុរសម្នាក់ជាតៃកុងរថយន្ដ​បង្កប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានបើករថយន្ដម៉ាកព្រូស មួយគ្រឿង ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AG-8316 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ដស៊េរីទំនើបមួយគ្រឿងកំពុងបេីកវ៉ាជែងគ្នា ខណៈនោះគាត់ក៏បានបួងចង្កូតគេចពីរថយន្ដស៊េរីទំនើបនោះ ហេីយក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់វៀចអស់ចំនួន៣កង់ ចំណែកឯរថយន្ដបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគ្មានអ្នករងរបួសនោះទេ។

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកងបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖