ក្រោយរយៈពេលជាងមួយឆ្នាំបិទទ្វារសាលារៀនដោយសារតែការឆ្លងកូវីដ-១៩កើនឡើងខ្ពស់នោះ នៅពេលនេះឥណ្ឌូនេស៊ីបានចាប់ផ្តើមបើកទ្វារទទួលសិស្សឲ្យចូលរៀនវិញហើយក្រោយពីមានករណីឆ្លងកូវីដ-១៩ ថយចុះជាបន្តបន្ទាប់។
តាមសារព័ត៌មានAP បានផ្សាយថា សរុបមានសាលារៀនចំនួន៦១០កន្លែងដែលគ្រប់លក្ខខណ្ឌដើម្បីបើកទ្វារទទួលសិស្សចូលសិក្សាឡើងវិញ។ សាលារៀនទាំងនោះត្រូវធានាវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ឲ្យបានល្អបំផុត។ ទន្ទឹមនឹងនោះការរៀនដោយផ្ទាល់និងបូកបញ្ចូលជាមួយការរៀនពីចម្ងាយ ហើយពេលវេលារៀននៅសាលានឹងកើនឡើងបន្តិចម្តងៗតាមការវាយតម្លៃស្ថានភាពនៃកូវីដ-១៩ របស់រដ្ឋាភិបាល។
ក្នុងពេលចូលសាលាដំបូង សិស្សសាលាបឋមសិក្សានឹងទៅសាលារៀន៣ថ្ងៃក្នុងមួយសប្តាហ៍។ ចំណែកសិស្សមធ្យមនឹងទៅសាលា៤ថ្ងៃក្នុងមួយសប្តាហ៍ និងសិស្សវិទ្យាល័យទៅសាលា៥ថ្ងៃក្នុងមួយសប្តាហ៍។
ពេលដំបូង រដ្ឋាភិបាលទីក្រុងចាការតា មានគម្រោងបើកដំណើរការសាលារៀននៅខែមិថុនា ប៉ុន្តែត្រូវផ្អាកវិញដោយសាតែរលកកូវីដ-១៩ ថ្មីប្រភេទដែលតាវាយប្រហារប្រទេសនេះ។
អភិបាលរងទីក្រុងចាការតា លោក Ahmad Riza Patria បានឱ្យដឹងថា រដ្ឋាភិបាលសង្ឃឹមថានឹងបើកទ្វារសាលារៀនទាំងអស់ឡើងវិញនៅខែមករាឆ្នាំ២០២២។ តាមតួលេខរបស់រដ្ឋាភិបាល ទីក្រុងចាការតា សរុបមានសាលារៀនចំនួន ៥.៣៤១កន្លែងទាំងបឋមសិក្សានិងមធ្យមសិក្សា។
ក្រោយរយៈពេលជាង១ឆ្នាំ កុមារី Akila Malawa អាយុ១២ឆ្នាំបានទៅសាលាជាថ្មី ។ កុមារីបាននិយាយថា «ប្អូនមានក្តីបារម្ភយ៉ាងខ្លាំង ប៉ុន្តែប្អូនសប្បាយរីករាយយ៉ាងខ្លាំងពេលជួបជុំមិត្តភក្តិ» ។
ចំនួនអ្នកឆ្លងនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានថយចុះដល់ទៅ៩០% បើប្រៀបធៀបនឹងខែកក្កដាឆ្នាំ២០២១។ ក្នុងថ្ងៃទី៣០ខែសីហាប្រទេសនេះរកឃើញករណីឆ្លងសរុប១០.៥៣៤ករណី គឺជាចំនួនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែចុងក្រោយនេះ។
ឥណ្ឌូនេស៊ីជាប្រទេសមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លងសរុបជាង ៤លាននាក់៕
ដោយ៖ ធីរីណា(រូបភាព៖ AP)