ភ្នំពេញ ៖ សាច់ជ្រូកជាម្ហូបអាហារដែលបងប្អូនប្រជាពលរដ្ឋ តែងតែទិញសម្រាប់ធ្វើម្ហូបទទួលទានរាល់ថ្ងៃ ទោះក្នុងសម័យកូវីដ-១៩ ចំពោះអាជីវករលក់សាច់ជ្រូកនៅតាមផ្សារមួយចំនួន ក៏បានលើកឡើងដែរថា ទោះនៅក្នុងបរិបទកូវីដ១៩ កំពុងរីករាលដាលនៅទូទាំងប្រទេសក៏ដោយ តែសំរាប់តំលៃសាច់ជ្រូកវិញ ក៏នៅតែលក់ក្នុងតំលៃដដែល ទោះមុនពេលមានជំងឺកូវីដ-១៩ មិនមានការឆ្លងរីករាលដាល និងកំពុងតែរីករាលដាលក៏ដោយ ហើយចំពោះតម្រូវការសាច់ជ្រូក របស់អតិថិជន ក៏មានការធ្លាក់ចុះ នោះក៏ព្រោះតែតំលៃនេះតែម្តង។
អាជីវករមួយរូបនៅផ្សារឌុយម៉ិច បានអោយដឹងថា សព្វថ្ងៃនេះពិតជាពិបាកក្នុងការលក់ដូរណាស់ ប្រជាពលរដ្ឋ កំពុងតែជួបវិបត្តិនៃជំងឺកូវីដផង រីឯតំលៃសាច់ជ្រូក ហាក់នៅត្រឹង បើធៀបនឹងតម្លៃពីមុន ដោយក្នុងមួយគីឡូក្រាមឡើងដល់ចន្លោះ២៥.០០០រៀល ផ្សារខ្លះឡើងដល់២៨.០០០រៀល និងផ្សារខ្លះទៀតឈានដល់តម្លៃ៣០.០០០រៀល ខណៈតម្លៃពីមុនមានចន្លោះ១៨.០០០រៀល, ២០.០០០រៀល ឬ ២៣.០០០រៀលតែប៉ុណ្ណោះ។
អាជីវករខាងលើបន្តថា អ្នកមានលុយគេមិនហូបសាច់ជ្រូកទេ គឺគេសុខចិត្តចំណាយលុយទៅទិញសាច់គោហើយ ព្រោះតំលៃខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។ ការលក់ដូរក៏ខុសពីមុនថែមទៀត ដោយពីមុនអាចលក់បានសាច់ចន្លោះ ពី៨០គីឡូក្រាម ទៅ១០០គីឡូក្រាម ប៉ុន្តែបច្ចុប្បន្ន លក់បានត្រឹមតែ២០គីឡូក្រាម ទៅ៤០គីឡូក្រាមទេ។ បើការលក់ដូរកាន់តែធ្លាក់ចុះ ហើយតំលៃសាច់ជ្រូកនៅតែ មានតំលៃនោះ ធ្វើអោយជីវភាព ក៏មិនអាចទៅមុខដែរ។
អាជីវករលក់សាច់ជ្រូកនៅតូបលេខ G1-31 នៅក្នុងផ្សារធំថ្មី ឈ្មោះ គឺម ហេង បានឲ្យដឹងថា ការលក់ដូរសាច់ជ្រូករបស់គាត់កាលពីមិនទាន់មានជំងឺកូវីដ-១៩ ចូលមកដល់ប្រទេសកម្ពុជាយើង គឺគាត់លក់បានក្នុងមួយថ្ងៃជាង១០០គីឡូក្រាម ហើយមកដល់ពេលបច្ចុប្បន្នគឺការលក់ដូរសាច់ជ្រូកមានការធ្លាក់ចុះមកនៅត្រឹមជាង៣០គីឡូក្រាម ក្នុងមួយថ្ងៃ ជួនកាលលក់អត់អស់ទៀតនិយាយជារួមគឺស្ងាត់អតិថិជនម៉ង។ ហើយចំពោះសាច់ជ្រូកដែលគាត់លក់សព្វថ្ងៃនេះគឺមិនមានការឡើងថ្លៃនៅនោះទេគឺនៅដដែល សាច់ជ្រូកស្មាមុខ ២៥០០០រៀលក្នុងមួយគីឡូក្រាម។
ចំណែកអាជីវករឈ្មោះ ឆាំ ចាន់ណារី លក់សាច់ជ្រូកនៅតូបលេខ៣៦G1 នៅក្នុងផ្សារធំថ្មី បានលើកឡើងដែរថា តាំងពីមុនសម័យជំងឺកូវីដ-១៩ មិនចូលមកដល់ប្រទេសកម្ពុជាយើង និងពេលបច្ចុប្បន្ន គឺការលក់ដូររបស់គាត់មានការថយចុះច្រើន មុនពេលមានជំងឺចូលដល់បងស្រីលក់សាច់ជ្រូកក្នុងមួយថ្ងៃ១០០គីឡូជាង តែឥឡូវលក់មួយថ្ងៃមួយត្រឹម១០០គីឡូក្រាមចុះក្រោម គឺតឹងវាពិបាកលក់តែម្តង។ សាច់ជ្រូកនេះគឺទៅទិញពីកុងស៊ីនៅគីម៉ែត្រលេខ៧ ហើយចំពោះតំលៃលក់សាច់ជ្រូកគឺនៅដដែល សាច់ជ្រូកបីជាន់២៥០០០រៀល ហើយសាច់សុទ្ធគឺតំលៃ២៥០០០រៀលដូចគ្នា។
រីឯអ៊ំស្រី ដេង គាន ជាអាជីវករលក់សាច់ជ្រូកនៅក្នុងផ្សារធំថ្មី បានឲ្យដឹងដែរថា ការលក់សាច់ជ្រូករបស់គាត់មានការថយចុះ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ កាលពីមិនទាន់មានជំងឺកូវីដ-១៩ ចូលមកដល់ប្រទេសកម្ពុជាយើង គឺគាត់លក់បានក្នុងមួយថ្ងៃ១០០គីឡូក្រាមជាងជិត២០០គីឡូក្រាម តែឥឡូវការលក់សាច់ជ្រូករបស់គាត់មានការថយចុះក្នុងមួយថ្ងៃបានតែជាង៥០គីឡូក្រាមប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងតំលៃសាច់ជ្រូកនៅក្នុងទីផ្សារនៅរាជធានីភ្នំពេញនេះដែរ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យគេហទំព័នគរវត្តដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១ ខែកញ្ញា នេះថា តំលៃសាច់នៅក្នុងស្រុកយើងនៅមានតំលៃថ្លៃ គឺដោយសារយើងកាត់បន្ថយការនាំចូលសត្វជ្រូកពីក្រៅប្រទេស និង ដើម្បីជម្រុញប្រជាកសិកររបស់យើងនាំគ្នាចិញ្ចឹមសត្វជ្រូកនៅក្នុងប្រទេសយើងវិញទើបតំលៃសាច់ជ្រូកសព្វថ្ងៃនៅមានតំលៃថ្លៃដដែល។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងទៀតថា ដោយសារតែរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ កាលពីឆ្នាំ២០២០ មានប្រទេសជិតខាងបានសុំនាំចូលសត្វជ្រូកចំនួន១លានក្បាល គឺសម្តេចច្រានចោលគឺមិនឲ្យនាំចូលនោះទេ ដូច្នេះសម្តេចបានជម្រុញឲ្យវិស័យចិញ្ចឹមសត្វនៅកម្ពុជាឲ្យមានការកើនឡើង ហើយក្រសួងកសិកម្ម និងអគ្គនាយកដ្ឋាន បានធ្វើការទប់ស្កាត់បានល្អ និងប្រជាកសិករយើងជម្រុញវិស័យចិញ្ចឹមជូ្រកនេះស្ទើរតែគ្រប់ចំនួននៅលើទីផ្សារទៅហើយ។
លោក ស្រ៊ុន ពៅ បន្តថា បើប្រជាពលរដ្ឋយើងចិញ្ចឹមសត្វជ្រូក មានផលចំណេញដល់ពួកគាត់ គឺគាត់ខិតខំចិញ្ចឹមហើយ បើគ្មានផលចំណេញនោះទេ គឺពួកគាតលែងចិញ្ចឹមហើយ។ ដើម្បីជម្រុញឲ្យវិស័យចិញ្ចឹមជ្រូកនេះឲ្យបានគ្រប់នៅលើទីផ្សារ និងឈានដល់ការនាំចេញ លុះត្រាតែមានការគ្រប់គ្រងនឹងទប់ស្កាត់ឲ្យបានត្រឹមត្រូវ បើយើងគ្រប់គ្រងមិនបាននៅការនាំចូលសត្វជ្រូកពីប្រទេសជិតខាង ទោះបីសត្វជ្រូកនោះមានជំងឺ និងពាក់ព័ន្ធអំពីការលំបាករបស់ប្រជាពលរដ្ឋយើងដែលជាអ្នកចិញ្ចឹមជ្រូកនោះទេ ដឹងតែមានផលចំណេញគឺគាត់នាំចូលមកហើយ កត្តានេះទាំងអស់នេះហើយដែលធ្វើឲ្យប៉ះពាល់ដល់វិស័យចិញ្ចឹមសត្វរបស់យើង អញ្ចឹងឃើញថាសព្វថ្ងៃនេះឃើញថាមានការគ្រប់គ្រងបានល្អទើបកសិករ និងអ្នកហូបសាច់ជ្រូកទទួលយកបានទាំងអស់គ្នា។
ប្រជាពលរដ្ឋដែលជាអ្នកទទួលទានសាច់ជ្រូក បានអោយដឹងថា ដោយសារតែសាច់ជ្រូកនៅតែមានតំលៃថ្លៃដដែល ដូច្នេះការចំណាយទៅលើម្ហូបអាហារ ក៏ត្រូវតែរឹតត្បឹតដែរ ដោយពីមុនយើងអាចទិញសាច់ជ្រូកមួយគីឡូ យកទៅធ្វើម្ហូប ប៉ុន្តែពេលនេះ បើយើទិញមួយគីឡូ មិនបានទេ គឺត្រូវតែចេះលៃលក គឺពេលខ្លះទិញត្រឹមតែកន្លះគីឡូទេ ព្រោះយើងត្រូវចំណាយ ទៅលើបន្លែបង្កាផ្សេងទៀត៕
ដោយ៖ភារ៉ា