ព័ត៌មានទាន់ហេតុការណ៍៖

បារាំងជិតរួចផុតពីរលកកូវីដ-១៩លើកទី៤ហើយ

ចែករំលែក៖

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសបារាំងមានភាពល្អប្រសើរជាងមុន ដោយមិនមានករណីឆ្លងច្រើនទៀតឡើយ។ ពលរដ្ឋកំពុងតែវិលត្រឡប់ទៅធ្វើការនិងចូលរៀនវិញ ក្រោយការឈប់សម្រាករដូវក្តៅ បើទោះបីការឆ្លងកូវីដ-១៩លើកទី៤មិនទាន់ចប់ក្តី តែមានភាពល្អប្រសើរជាងមុន។

ក្រសួងសុខាភិបាលបារាំងបានបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ចំនួនអ្នកឆ្លងកូវីដ-១៩ត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមានប្រមាណតែជាង៥ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ គឺថយចុះដល់ទៅជិតពាក់កណ្តាលបើប្រៀបធៀបនឹងសប្តាហ៍កន្លងមក ដែលមានករណីចូលមន្ទីរពេទ្យដល់ទៅជិត១ម៉ឺននាក់។ ចំណែកអ្នកឆ្លងសរុបនៅទូទាំងប្រទេសបារាំងនៅថ្ងៃទី៣១ខែសីហា ក៏បានថយចុះក្រោម២ម៉ឹននាក់ក្នុងមួយថ្ងៃ ដែលជាចំនួនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយខែកន្លងមក។ ជាមួយគ្នានេះដែរចំនួនអ្នកធ្វើតេស្តរកឃើញវិជ្ជមានកូវីដ -១៩ ថយចុះនៅសល់តែ ២,៨%ប៉ុណ្ណោះ ។
មានប្រសាសន៍ពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Strasbourg នាយករដ្ឋមន្ត្រីបារាំងលោក Jean Castex បានឱ្យដឹងថា ពលរដ្ឋបានចាប់ផ្តើមវិលត្រឡប់មកធ្វើការវិញជាបណ្តើរៗហើយក្រោយការឈប់សម្រាករដូវក្តៅ បើទោះបីរលកកូវីដ-១៩លើកទី៤មិនទាន់បានបញ្ចប់ជាស្ថាពរក្តី។ នាយករដ្ឋមន្ត្រីបារាំងបានបញ្ជាក់ថា រលកកូវីដ-១៩លើកទី៤នឹងឆ្លងផុតក្នុងពេលឆាប់ៗខាងមុខ ។
កន្លងមកសាស្ត្រាចារ្យ Alain Fischer ប្រធានគណៈកម្មការកំណត់យុទ្ធសាស្ត្រវ៉ាក់សាំងរបស់បារាំងបានបញ្ជាក់ថា បារាំងនៅមិនឆ្ងាយពីជីវិតរស់នៅល្អប្រសើរដូចដើមនោះឡើយ។ ក្នុងពេលខាងមុខស្ថានភាពនឹងល្អប្រសើរវិញ អាស្រ័យទៅលើការគោរពច្បាប់ប្រឆាំងកូវីដ-១៩ របស់ពលរដ្ឋ។
តាមគម្រោងចាប់ពីថ្ងៃទី១ខែកញ្ញា បារាំងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើកទីបីដល់ពលរដ្ឋមានវ័យចាប់ពីអាយុ៦៥ឆ្នាំឡើងទៅដែលបានចាក់ដូចទីពីររួចរាល់បាន៦ខែ។ តាមគម្រោងពលរដ្ឋ១២,៤លាននាក់ក្នុងចំណោម១៨លាននាក់មានអាយុចាប់ពី៦៥ឆ្នាំឡើង នឹងទទួលបានការចាក់វ៉ាក់សាំងរួចរាល់ត្រឹមចុងឆ្នាំ២០២១នេះ៕ដោយ៖ធីរីណា

រូបភាព៖Le monde

រូបភាព៖TTXVN 


ចែករំលែក៖