ប្រទេសអ្នកមាន មានវ៉ាក់សាំងស្តុកទុករហូតដល់ទៅ ជាង ១,២ពាន់លានដូស ខណៈដែលប្រទេសក្រីក្រខិតខំស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនពលរដ្ឋ។ មិនតែប៉ុណ្ណោះប្រទេសអ្នកមាន ចាប់ផ្តើមចាក់ដូសទីបី ហើយឡើងគម្រោងចាក់ដូសទីបួនទៀត។
សារព័ត៌មាន Bloomberg បានផ្សាយថា តាមលទ្ធផលនៃការវិភាគបង្ហាញឱ្យឃើញថា ប្រទេសអ្នកមានប្រឈមនឹងសម្ពាធយ៉ាងខ្លាំងក្នុងការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រ ដែលមិនមានវ៉ាក់សាំងចាក់ជូនពលរដ្ឋរបស់ខ្លួន។
នៅក្នុងរបាយការណ៍វិភាគរបស់ Airfinity មានទីតាំងនៅទីក្រុងឡុងដុង បានឱ្យដឹងថា អាមេរិក អង់គ្លេស និងបណ្តាប្រទេសអឺរ៉ុប មានវ៉ាក់សាំងច្រើនលើសលប់ ហើយបានចាក់ជូនពលរដ្ឋប្រមាណ ៨០% មានអាយុចាប់ពី១២ឆ្នាំឡើងទៅ ។
ក្រុមអ្នកជំនាញសុខាភិបាលបារម្ភខ្លាចកូវីដ-១៩ អូសបន្លាយហើយវិវឌ្ឍបំប្លែងថ្មីជាបន្តបន្ទាប់ ដោយសារតែមានពលរដ្ឋជាច្រើនមិនទាន់បានចាក់វ៉ាក់សាំងងាយស្រួលក្នុងការឆ្លងរាលដាលកូវីដ-១៩ ។
អង្គការអន្តរជាតិបានអំពាវនាវដល់បណ្តាប្រទេសអ្នកមានចែកចាយវ៉ាក់សាំង២ពាន់លានដូសដល់ប្រទេសក្រីក្រនៅក្នុងឆ្នាំ២០២២ ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គិតមកដល់ថ្ងៃទី ៥ខែកញ្ញានេះ មានពលរដ្ឋ៤០,៣% នៃពលរដ្ឋសរុបនៅលើពិភពលោក ទទួលបានការចាក់វ៉ាក់សាំង យ៉ាងតិចមួយដូស។ នៅពេលនះមានវ៉ាក់សាំង៥,៤៦ពាន់លានដូស ហើយបានចាក់ជូនពលរដ្ឋនៅទូទាំងពិភពលោក។ ក្នុងមួយថ្ងៃមានវ៉ាក់សាំងប្រមាណ៣៣,៥៤លានដូសបានចាក់ជូនពលរដ្ឋ។ ក្នុងចំណោមវ៉ាក់សាំងដែលមានចាក់ មានតែ ១,៨% ប៉ុណ្ណោះចាក់ជូនពលរដ្ឋនៅក្នុងប្រទេសក្រីក្រមានប្រាក់ចំណូលទាប៕ដោយ៖ធីរីណា
រូបថត៖TTXVN-VNA
រូបថត៖ITN