ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាហ្គីណេធ្វើរដ្ឋប្រហារ ប្រធានាធិបតី Alpha Conde ត្រូវបានចាប់ខ្លួន

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែកញ្ញា កម្លាំងទាហានហ្គីណេ បានប្រកាសធ្វើរដ្ឋប្រហារ ហើយបានចាប់ខ្លួនប្រធានាធិបតី Alpha Conde និងរំលាយរដ្ឋាភិបាល។
លោក Mamadi Doumbouya មេបញ្ជាការកម្លាំងទាហានហ្គីណេ( Guinea)បានប្រកាសតាមកញ្ចក់ទូរទស្សន៍ជាតិនៅថ្ងៃទី៥ ខែកញ្ញាថា «ក្រោយការចាប់ខ្លួនប្រធានាធិបតី Alpha Conde យើងបានសម្រេចរំលាយរដ្ឋាភិបាល»។ មេទ័ព Mamadi Doumbouyaបានបញ្ជាក់ទៀតថា ផ្លូវគោកផ្លូវអាកាសត្រូវបានបិទ។ លោកមិនបានបញ្ជាក់ថាប្រធានាធិបតី Alpha Conde ពេលនេះនៅទីណានោះឡើយ ។
មុនពេលចាប់ខ្លួនប្រធានាធិបតី Alpha Conde ក៏មានការប៉ះទង្គិចគ្នានៅជិតវិមានប្រធានាធិបតី Guinea នៅរដ្ឋធានី Condakry នាព្រឹកថ្ងៃទី៥ខែកញ្ញា (ពេលវេលាក្នុងតំបន់)ផងដែរ។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកក៏មានឃ្លីបវីដេអូមួយដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា ប្រធានាធិបតីត្រូវបានយោធាចាប់ខ្លួន។
មន្ត្រីយោធាដែលដឹកនាំធ្វើរដ្ឋប្រហារបានលើកឡើងថា «ភាពក្រីក្រ និងអំពើពុករលួយបានរីករាលដាលនៅក្នុងជួររដ្ឋាភិបាល » ។ កត្តាទាំងនោះហើយបង្ខំឲ្យយោធាត្រូវធ្វើរដ្ឋប្រហារចាប់ខ្លួនប្រធានាធិបតីនិងត្រូវរំលាយរដ្ឋាភិបាលដើម្បីរៀបចំរដ្ឋាភិបាលថ្មីឡើងវិញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ប្រធានាធិបតី Conde ត្រូវបានយោធាបញ្ជូនទៅកាន់ទីតាំងមួយដែលគេមិនឱ្យដឹងនោះឡើយ។ តាមប្រភពព័ត៌មាន ក្រៅពីប្រធានាធិបតី នៅមានមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀតក៏ស្ថិតនៅក្នុងការចាប់ខ្លួនពីកម្លាំងយោធាផងដែរ ។
នៅពេលនេះគេមិនទាន់ដឹងថា មេដឹកនាំយោធាធ្វើរដ្ឋប្រហារលោកឧត្តមសេនីយ៍ Doumbouya បានគ្រប់គ្រងប្រទេសទាំងស្រុងហើយឬនៅ? ក្រសួងការពារជាតិហ្គីណេ បានបញ្ជាក់ថា មានការវាយប្រហារសំដៅទៅលើវិមានប្រធានាធិបតី ប៉ុន្តែត្រូវបានកម្លាំងទាហានពិសេស ធ្វើការតទល់ហើយបណ្តេញចេញពីទីនោះ ៕ដោយ៖ធីរីណា

រូបភាព៖Al Jazeera

ប្រពភពី៖AFP/TTXVN

រូបថត៖ AFP/VNA


ចែករំលែក៖