យន្តហោះចម្បាំងអុីស្រាអែលបានបើកការវាយប្រហារទៅលើទី
តាំងផលិតមីស៊ីលរបស់ក្រុមហាម៉ាស់នៅតំបន់កាហ្សា។ ការវាយប្រហារកើតឡើងនៅពាក់កណ្តាលយប់ថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២១ ។
សារព័ត៌មាន Quds របស់ប៉ាឡេស្ទីនបានផ្សាយថា យន្តហោះចម្បាំងនិងយន្តហោះគ្មានមនុស្សបើករបស់អុីស្រាអែលបានហោះហើរនៅដែនអាកាសក្នុងទឹកដីកាហ្សាមុនពេលវាយប្រហារទៅលើទីតាំងស្ថិតនៅតំបន់ Khan Younis ភាគខាងត្បូងកាហ្សា។
កម្លាំងទាហានអុីស្រាអែលបានប្រកាសថា បានវាយប្រហារកម្ទេចទីតាំងយោធាមួយកន្លែងរបស់ក្រុមហាម៉ាស់ដើម្បីជាការសងសឹកដល់ក្រុមហាម៉ាស់ដែលបានបង្ហោះប៉េងប៉ោងចូលទឹកដីអុីស្រាអែលបង្កឲ្យឆាបឆេះនៅក្នុងប្រទេសនេះ ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលអុីស្រាអែលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែកញ្ញា ។
ការវាយប្រហារតាមដែនអាកាស កើតឡើងក្រោយពេលមន្ត្រីក្នុងតំបន់ Sha’ar Hanegev របស់អុីស្រាអែល បានប្រកាសថា មានប៉េងប៉ោងហោះបង្កឲ្យមានអគ្គិភ័យឆាបឆេះ ដែលបង្ហោះចេញពីតំបន់កាហ្សា ប៉ុន្តែអណ្តាតភ្លើងត្រូវបានគ្រប់គ្រងភ្លាមៗនោះដែរមិនបង្កឲ្យខូចខាតជាទ្រង់ទ្រាយធំនោះឡើយ។
ការវាយប្រហារកើតឡើងក្រោយអ្នកទោសប៉ាឡេស្ទីន៦នាក់បានជីករូងក្រោមដីរត់ចេញដោយសុវត្ថិភាពបើទោះបីមានការយាមល្បាតតឹងតែងក្តី។ កម្លាំងសន្តិសុខអុីស្រាអែលបានព្យាយាមស្វែងរកតាមចាប់ខ្លួនអ្នកទោសទាំង៦នាក់ខាងលើ៕
រូបភាព៖minh họa
ដោយ៖ធីរីណា(ប្រភព៖ AFP)