ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បន្តផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១២៩គ្រួសារ រស់នៅក្នុងស្រុកឈូក

ចែករំលែក៖

ខេត្តកំពត៖ លោក​ ជាវ តាយ អភិបាល​ខេត្ត​កំពត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រួមដំណើរ ដោយលោក លោកស្រី​អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃអង្គារ ០១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០២១នេះ​ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១២៩គ្រួសារ មកពីឃុំចំនួន៦ នៃស្រុកឈូក ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តដីក្រហម ស្ថិតក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ។ 

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត  ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក  អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត  និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ 

ជាមួយគ្នានេះ​ លោកអភិបាល​ខេត្ត​ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម ៖ ៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩ )។

ដោយ​ឡែក​អំណោយផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង  ទឹកត្រី១យួរ មី១កេស ម៉ាស១ប្រអប់ និងថវិកាមួយចំនួនផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖