ភ្នំពេញ៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា នាព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម មានរយៈពេល២ថ្ងៃ ជូនមន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន២០នាក់ ។ ក្នុងពិធីបើកវគ្គនេះក៏មានការចូលរួមពីលោកស្រី Akiko Sasaki ប្រធានអង្គការ Side By Side និងលោក គង់ សុវណ្ណ ប្រធានអង្គការ Camsafe ផងដែរ ។
មានមតិនាឱកាសបេីកវគ្គនោះ លោកជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អស់លោក លោកស្រី ក្មួយៗ ដែលជាសិក្ខាកាមទាំងអស់ ព្រមទាំងបានលើកឡើងពីគោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យសិក្ខាកាមទាំងអស់បានយល់ដឹងពីសុវត្ថិភាពចរាចរណ៍មានដូចជា៖ ច្បាប់ចរាចរណ៍ផ្លូវគោក អនុក្រឹត្យនៃការផាកពិន័យ ផ្លាកសញ្ញាចរាចរណ៍ ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម និងជាពិសេសវិជ្ជាសង្គ្រោះបឋមដែលជាមុខវិជ្ជាសំខាន់អាចជួយជនរងគ្រោះដោយប្រការផ្សេងៗដូចជា សន្លប់បាត់បង់ស្មារតី បាក់ឆ្អឹង លង់ទឹក ពស់ចឹក ស្លាក់ រលាក និងរងរបួសបាន មុនពេលភ្នាក់ងារសង្គ្រោះឫឡានពេទ្យមកដល់ ហើយអ្វីដែលកាន់តែថ្មីនោះគឺរបៀបជួយជនរងគ្រោះក្នុងបរិបទជំងឺកូវីដ១៩ ។
សូមជម្រាបថា មុននឹងប្រកាសបេីកវគ្គ លោកនាយកប្រតិបត្តិសាខា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាមទាំងអស់នឹងខិតខំត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមពន្យល់បង្ហាត់បង្ហាញដោយចិត្តទុកដាក់ ដើម្បីទទួលបានចំណេះដឹងដ៏មានសារៈប្រយោជន៍នេះ ក្នុងការក្លាយខ្លួនជាជនបង្គោលសម្រាប់យកទៅផ្សព្វផ្សាយបន្ត និងជួយសង្គ្រោះនៅក្នុងសហគមន៍ និងសាលារៀនរបស់ខ្លួន ៕
ដោយ៖សហការី