មន្ទីរសុខាភិបាលទីក្រុងហូជីមិញ កំពុងតែពិភាក្សាទៅលើការផ្តល់ «កាតខៀវកូវីដ-១៩» ដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ ចំនួនពីរដូស និងអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយពីជំងឺ ។
មន្ទីរសុខាភិបាលទីក្រុងហូជីមិញបានផ្ញើគម្រោងខាងលើ ទៅកាន់គណៈកម្មការទីក្រុងដើម្បីអនុម័ត ពាក់ព័ន្ធនិងយុទ្ធសាស្ត្រប្រឆាំងកូវីដ-១៩ ក្រោយថ្ងៃទី ១៥ខែកញ្ញា ។ តាមសំណើរ មន្ទីរសុខាភិបាលលើកឡើងពីវិធានការគម្លាតសង្គម ក៏ដូចជា «កាតខៀវកូវីដ-១៩»។
មន្ទីរសុខាភិបាលបានព្យាករថា ក្រោយថ្ងៃទី១៥ខែកញ្ញា ស្ថានភាពនៃកូវីដ-១៩ ក្នុងទីក្រុងហូជីមិញផ្លាស់ប្តូរពីកម្រិតខ្ពស់មកមធ្យមវិញ ហើយការគ្រប់គ្រងទៅតាមចក្ខុវិស័យដែលក្រសួងសុខាភិបាលបានដាក់ចេញ។
ពាក់ព័ន្ធនិងការចាក់វ៉ាក់សាំង គិតដល់ព្រឹកថ្ងៃទី ១០ខែកញ្ញា វៀតណាម ចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ២៦លានដូសហើយ ។ នៅថ្ងៃទី ៩ខែកញ្ញា វៀតណាម ចាក់វ៉ាក់សាំងជូនពលរដ្ឋបានដល់ទៅ១,១លានដូស ។
ពាក់ព័ន្ធការឆ្លងកូវីដ-១៩ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី ៩ខែកញ្ញាបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ រហូតដល់ ១២,៤២០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២១ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,៥៤៩នាក់។
គិតត្រឹមយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៥៧៦,០៩៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៣៣៨,១៧០នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៤,៤៧០នាក់៕
ដោយ៖ធីរីណា(ប្រភព៖Zingnews)