ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃសុក្រទី១០ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ សូមកុំយល់ច្រឡុំថា នេះជាការហ្វឹកហ្វឺនសុនខហិតរកគ្រាប់រ៉ុកកែតក្នុងបំពង់ស្អីនោះ នេះជាវិធីបង្ហាត់ហ្វឹកហ្វឺនសុនខឱ្យស្វែងរកអ្នកផ្ទុកវីរុសកូវីដ១៩ក្នុងចំងាយសុវត្ថិភាពណាមួយ សុនខហិតផ្ទាល់ ហិតក្នុងបន្ទប់ម៉ាសុីនត្រជាក់ ហិតនៅទីវាលទូទៅ..ហិតនៅខាងលេីខ្យល់ ហិតនៅខាងក្រោមខ្យល់បក់……ជាដេីម។ ល។
លោកអគ្គនាយកស៉ីម៉ាក់រូបនេះ បានឱ្យដឹងទៀតថា ការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសទាមទារភាពឆ្លាតវៀងវៃ ភាពជាក់ស្តែង និងការកត់ត្រាវាយតំលៃ ដេីម្បីចងក្រងជាឯកសារប្រតិបត្តិការ!! ។
អរគុណសន្តិភាព! កូនខែ្មរអាចធ្វេីបាន!! ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១កន្លងទៅ លោក ហេង រតនា បានបង្ហាញសកម្មភាពហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ Training activities of COVID 19 Detection Dogs។
គួរបញ្ជាក់ថា លោក ហេង រតនា ធ្លាប់បានបញ្ជាក់កន្លងមកថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានប្រើប្រាស់ សុនខ សម្រាប់ប្រតិបត្តិការបោសម្អាតមីនផងដែរ ហើយសុនខ ហិតមីនរបស់កម្ពុជា ក៏បានចេញទៅប្រតិបតិ្តការ នៅក្រៅប្រទេសទៀតផង។ ហេីយសុនខ ដែលបានបញ្ជូនពីអង្គភាពស៉ីម៉ាក់ ទៅបម្រើការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួរគី នោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរ ហើយខាងអង្គការ APOPO បានស្នើសុំជាវសុនខមួយចំនួនបន្ថែមទៀតពីស៉ីម៉ាក់ ដើម្បីយកទៅប្រតិបតិ្តការ នៅប្រទេសមួយចំនួនផេ្សងទៀត៕
ដោយ៖ស តារា