ភ្នំពេញ៖ បង្កើតឲ្យអ្នកលេងបណ្តាញសង្គម និងទស្សនិកជនមានការវែកញែកជាថ្មីទៀតហើយក្រោយពីតារាចម្រៀង ម៉េង កែវពេជ្ជតា បានបញ្ចេញសារប្រតិកម្មចំៗទៅកាន់តារាចម្រៀងមួយចំនួនដែលបានលើកយកបទចម្រៀងរបស់នាងយកទៅច្រៀង ប៉ុន្តែមិនបានដាក់ប្រភពម្ចាស់ដើមពិតប្រាកដឲ្យទស្សនិកជនបានដឹង។ ការប្រតិកម្មជាថ្មីនេះគឺក្រោយពីនាងសង្កេតឃើញសិល្បករខ្លះនៅតែបន្តយកបទចម្រៀងដែលនាងច្រៀង យកទៅច្រៀងសាឡើងវិញនិងមិនបានបញ្ជាក់ពីប្រភពបទចម្រៀងច្បាស់លាស់ ។
តារាចម្រៀងស្រីល្បីឈ្មោះរូបនេះបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា”បទ: ជំនោរដើមខែ ជាបទចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមបទល្បីៗជាច្រេីនរយពាន់បទរបស់នាងខ្ញុំ ម៉េង កែវពេជ្ជតា ។ ថ្វីត្បិតតែបទនេះមានប្រភពពីអ្នកចម្រៀងរៀមច្បងជំនាន់សាធារណៈរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩-៨៩ ) គឺលោកស្រី ម៉ម សុខា ប្រគុំភ្លេងដោយក្រុមតន្ត្រី វិទ្យុជាតិកម្ពុជាប៉ុន្តែចំពោះទំនុកច្រៀងចាស់នោះ ពេជ្ជតា បានកែសម្រួលជាថ្មីខ្លះដើម្បីតម្រូវតាមតថភាពសង្គមសម័យព្រះរាជាណាចក្រកម្ពុជា គឺប្តូរពីបទចម្រៀងបែបនយោបាយមកជាបែបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរទូទៅវិញ ដោយកាលនោះ ពេជ្ជតា បានប្រើពេលប្រើគំនិត និងដាក់អារម្មណ៍បញ្ចូលតួខ្លាំងណាស់ ទម្រាំបទនេះក្លាយជាបទចម្រៀងមានអត្ថន័យសមស្រប និងកាន់តែពេញនិយមសម្រាប់អ្នកស្តាប់គ្រប់ស្រទាប់ ។ មិនតែប៉ុណ្ណោះនៅលើប្រព័ន្ធ យូធូប ឃើញមានបងប្អូនយើងជាច្រើនមិនថាជាតារា ឬអ្នកធម្មតា រហូតដល់ខ្សែរាជវង្សក៏ចាប់អារម្មណ៍ថតបទចម្រៀងនេះឡើងវិញដែរ ក្នុងម្នាក់យ៉ាងហោចណាស់ក៏ពីរដង អ្នកខ្លះយកទាំងភ្លេងដើមរបស់ពេជ្ជតាទៅច្រៀងទៀតផង ។ អ្នកដែលយកច្រៀងតាម ( Cover ) ទាំងនោះក៏ទទួលបានការសរសើរពីហ្វ៊ែនៗរបស់ពួកគេច្រើនគួរសម ។ មិនចម្លែកទេព្រោះបទនេះជាបទល្បីស្រាប់ហើយ ។ ប៉ុន្តែដែលចម្លែកនៅត្រង់ថា លើ Subtitle ពេលបង្ហោះរបស់ពួកគេ ក៏ដូចជានៅលើខមិនតបទៅអ្នកគាំទ្រ មិនដែលឃើញអ្នកច្រៀង Cover ឬម្ចាស់ឆានែលយូធូបខ្លះនោះហ៊ានប្រាប់គេថាបទនេះយកតាមលំនាំពេជ្ជតា ឬដាក់ Credit ឲ្យម្ចាស់សំនៀងដើមទេ ក្រៅពីប្រើពាក្យដដែលៗថា មរតកដើម” ។ អ្នកនាងចោទជាសំណួរថា”តើមូលហេតុអ្វីទៅហ្ន៎ ដែលពួកគេចូលចិត្តធ្វើរំលងដដែលៗបែបនេះ ? ខ្លាចម្ចាស់ដើមល្បីជាង ? ខ្លាចគេថាខ្លួនអន់ ? ចង់បំបាត់ឈ្មោះម្ចាស់ដេីម ? ឬចង់ឲ្យជំនាន់ក្រោយច្រលំ ? តេីវាពិបាកជាងម្ចាស់ស្នាដៃខ្លាំងណាស់មែនទេដែលគ្រាន់តែដាក់ឈ្មោះឲ្យគេដោយមិនចំណាយលុយមួយជ្រុងសេនផង ? បើមិនគិតដល់ផ្លូវច្បាប់ ក៏គួរតែគិតពីផ្លូវចិត្តម្ចាស់បទដែរ ។ ស្នាដៃនីមួយៗឆ្លងកាត់ការលំបាកច្រេីនណាស់ទម្រាំចេញជាផ្លែផ្កាមក ម្តេចក៏អ្នកយកស្រាប់ៗសោះអត់ចិត្តថ្លេីមអ្វីយ៉ាងនេះលោក ? បើមិនដឹងថាយកបទគេមកច្រៀងគួរធ្វើអ្វីខ្លះជាការអរគុណដល់ម្ចាស់ដើម អ្នកគួរមើលរូបថតគំរូរបស់ខ្ញុំមួយផ្ទាំងនេះទៅ ។ បើមានខ្វះចន្លោះខ្លះក៏ព្រោះខ្វះឯកសារតែក៏មិនអត់សោះដែរ មិនមែនស្អីក៏មរតកដើមនោះទេ ព្រោះអ្នកច្រៀងអ្នកភ្លេងនៅរស់នៅឡើយ ! ខ្ញុំជឿថាអត្ថបទនេះនឹងមានអ្នកខឹងខ្ញុំ តែខ្ញុំមិនខ្វល់ ព្រោះខ្ញុំធ្វេីនេះក៏ដេីម្បីការពារតម្លៃឲ្យម្ចាស់បទដើមគ្រប់បទមិនចំពោះតែបទរបស់ខ្ញុំទេ” ។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកដំបូងទេដែលតារាម្រៀងស្រីល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចេញប្រតិកម្មបែបនេះ ខណៈកន្លងទៅគេចាំបានដែរថាអ្នកនាងធ្លាប់បានបញ្ចេញសាររិះគន់ប្រតិកម្មទៅកាន់តារាចម្រៀងអូ រស្មី ដែលធ្លាប់បានលើកយកបទអ្នកនាងយកមកច្រៀងដោយមិនដាក់សូម្បីប្រភពដើមនោះ៕
ដោយ ៖ វឌ្ឍនា