ឧបការីអង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន លោកស្រី Lyons បានព្រមានថានឹងមានវិបត្តិទ្រង់ទ្រាយធំ ក្នុងពេលតម្លៃរូបិយប័ណ្ណ អាហ្វហ្គានីស្ថានធ្លាក់ថ្លៃខ្ពស់។ ជាមួយគ្នានេះតម្លៃស្បៀងអាហារ និងថាមពលកើនឡើងខ្ពស់ក៏ដូចជាការខ្វះប្រាក់សុទ្ធនៅតាមបណ្តាធនាគារឯកជន។
លោកស្រី Deborah Lyons នៅថ្ងៃទី ៩ខែកញ្ញា បានអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តរក្សារំហូប្រាក់ចូលក្នុងទឹកដីអាហ្វហ្គានីស្ថាន បើទោះបីមានការបារម្ភពីរដ្ឋាភិបាលតាលីបង់ដឹកនាំប្រទេសមិនបានល្អក្តី។ លោកស្រីបានអំពាវនាវដល់ពិភពលោក ផ្តល់ឱកាសដល់ក្រុមតាលីបង់យ៉ាងតិចម្តង ដោយសារតែអាហ្វហ្គានីស្ថាន កំពុងប្រឈមនិងវិបត្តិសេដ្ឋកិច្ច យ៉ាងខ្លាំង។
ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ បានអំពាវនាវដល់សហគមន៍អន្តរជាតិ រក្សាការចរចាជាមួយក្រុមតាលីបង់ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់សហគមន៍អន្តរជាតិបន្តរក្សាទំនាក់ទំនងជាមួយក្រុមតាលីបង់ ដើម្បីបញ្ជៀសការដួលរលំសេដ្ឋកិច្ចនៃប្រទេសអាហ្វហ្គានីស្ថាន អាចបង្កឲ្យមានវិនាសកម្មពលរដ្ឋរាប់សិបលាននាក់ស្លាប់ដោយអត់ឃ្លាន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់នៅថ្ងៃទី ៩ខែកញ្ញាថា «យើងត្រូវតែរក្សាទំនាក់ទំនង ការចរចាជាមួយក្រុមតាលីបង់ ក្នុងនោះយើងអាចដាក់លក្ខខណ្ឌ ដោយផ្ទាល់ជាមួយក្រុមតាលីបង់ក្នុងពេលចរចា ។ ភារកិច្ចរបស់យើងគឺសាមគ្គីជាមួយជនជាតិអាហ្វហ្គានីស្ថាន ដែលបានទទួលរងទុក្ខវេទនា និងការប្រឈមនឹងគ្រោះអត់ឃ្លាន»។
លោក Antonio Guterres បានលើកឡើងថា មិនមានអ្នកណាប្រាកដថានឹងទទួលបានជោគជ័យនៅក្នុងកិច្ចពិភាក្សា ជាមួយក្រុមតាលីបង់នោះឡើយ ។ ប៉ុន្តែ នេះជាកាតព្វកិច្ចដែលយើងទាំងអស់គ្នាត្រូវធ្វើ ប្រសិនបើមិនចង់ឲ្យអាហ្វហ្គានីស្ថាន ក្លាយទៅជាទីតាំងលាក់បាំងក្រុមភេរវកម្ម ហើយស្ត្រីនិងក្មេងស្រី ទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមនយោបាយការសិក្សា»៕(ដោយ៖ធីរីណា)
រូបថត៖ AFP