កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងបានបាញ់សាកល្បងចំគោលដៅនៅចម្ងាយរហូតដល់ទៅ ១៥០០គីឡូម៉ែត្រ ។ នៅថ្ងៃទី១២ខែកញ្ញា មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិកូរ៉េខាងជើង បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលរយៈចម្ងាយឆ្ងាយ ។
កម្មវិធីកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង បានចាប់ផ្តើមផលិតកាលពីពីរឆ្នាំកន្លងមក គឺស្ថិតនៅក្នុងគម្រោង៥ឆ្នាំនៃការអភិវឌ្ឍអាវុធការពារជាតិ ហើយអាវុធទាំងនោះ បានអនុម័តនៅក្នុងមហាសន្និបាតបក្សលើកទី៨របស់កូរ៉េខាងជើង។
កន្លងមកក្នុងពេលអភិវឌ្ឍន៍មីស៊ីល ការសាកល្បងបានធ្វើឡើងជាច្រើនលើកដោយការសាកល្បងហោះហើរផ្សេងគ្នា មានទាំងបច្ចេកវិទ្យានាំផ្លូវទៀតផង។ ក្រៅពីនេះក៏មានការសាកល្បងពីកម្រិតបំផ្លាញទទួលបានជោគជ័យ។ គោលដៅនៃការផលិតមីស៊ីលរយៈចម្ងាយឆ្ងាយគឺដើម្បីធានាដល់សន្តិសុខ ការពារជាតិ និងសមត្ថភាពទប់ទល់ជាមួយសត្រូវ ។
តាមសារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា ការបាញ់សាកល្បងមីស៊ីល គឺដើម្បីត្រួតពិនិត្យបច្ចេកវិទ្យានាំផ្លូវក៏ដូចជាកម្លាំងបំផ្លាញ។
ជាច្រើនឆ្នាំកន្លងមក កូរ៉េខាងជើង បានផលិតមីស៊ីល និងសាកល្បងជាបន្តបន្ទាប់ ដើម្បីបង្កើនសមត្ថភាពការពារ ក្រោយពីកូរ៉េខាងជើង និងអាមេរិកពិភាក្សាគ្នាមិនទទួលបានជោគជ័យក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩ ក្នុងទីក្រុងហាណូយប្រទេសវៀតណាម រវាងមេដឹកនាំគីម ជុងអ៊ុន នឹងអតីតប្រធានាធិបតីត្រាំ ៕
ដោយ៖ធីរីណា