ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុកទ្រូងផ្លូវបាក់អស់មួយកង់ រួចនាំគ្នារុញយកមកប្លុងចោលក្នុងសាលាបឋមសិក្សាទួលគោក

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត Lexus RX330 មួយគ្រឿងបានបើកបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ បន្ទាប់មកម្ចាស់រថយន្តបានពឹងពាក់ប្រជាពលរដ្ឋឱ្យជួយរុញរថយន្តចូលទៅទុកក្នុងសាលាបឋមសិក្សាទួលគោក រួចក៏នាំគ្នាគេចខ្លួនបាត់អស់។

  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត Lexus RX330 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AO-5972 បើកតាមបណ្តោយផ្លូវលេខ២៨៩ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវលេខ៥២៨ រថយន្តនេះបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខ្ទាតចេញពីជួរអស់មួយកង់។ចំណែករថយន្តបង្កមិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេ គឺត្រូវបានម្ចាស់រថយន្តពឹងពាក់ប្រជាពលរដ្ឋជាច្រើននាក់ឱ្យជួយរុញរថយន្តយកមកប្លុងចោលក្នុងសាលាបឋមសិក្សាទួលគោក រួចនាំគ្នាគេចខ្លួនបាត់អស់។

  ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖